(ភ្នំពេញ)៖ នាបរិវេណវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ នាយកវិទ្យាល័យ និងបុគ្គលិកក្រោមឱវាទ សិស្សានុសិស្ស ព្រមទាំងគណៈអធិបតី បានមកជួបជុំគ្នាសម្ពោធដាក់ឲ្យ ប្រើប្រាស់រូបសម្តេចសង្ឃ ជួន ណាត ជាផ្លូវការ ដើម្បីរំឭកគុណបិតា អក្សរសាស្ត្រខ្មែរ ដ៏មានស្នាដៃសម្រាប់កុលបុត្រកុលធីតា ជំនាន់ក្រោយ កាលពីរសៀលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៨ នេះ ក្រោមវត្តមានរបស់លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
ថ្លែងក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអតីតសិស្សបាក់ឌុបជំនាន់ឆ្នាំ១៩៨០ជាង បានបញ្ជាក់ឲ្យដឹងថា ការកសាងរូបសំណាកសម្តេចសង្ឃរាជ ជួន ណាត នេះឡើង ក្នុងវិទ្យាល័យទួលទំពូង គឺលោកបានកៀងគរប្រមូលថវិកាពីសិស្សរួមជំនាន់ ក្នុងនិងក្រៅប្រទេស ដើម្បីដឹងគុណលោកគ្រូអ្នកគ្រូ កាលបង្រៀនកន្លងទៅ ព្រមទាំងលោកគ្រូអ្នកគ្រូបច្ចុប្បន្ននេះ។
លោកបានថ្លែងបន្តថា កម្មវិធីនេះបានប្រារព្ធឡើង ដោយសិស្សបាក់ឌុបជំនាន់ទី១ ដោយប្រមូលបានបច្ច័យចំនួន១ម៉ឺនដុល្លារ កសាងរូបសំណាកនេះឡើង ក្នុងន័យទុកជាការតម្កល់ជានិមិត្តរូប ក្នុងការគោរពនូវចំណេះដឹង សីលធម៌ ព្រមទាំងគុណតម្លៃ។
លោកបន្តថា ដោយធ្លាប់រៀនសូត្រ ក្នុងវិទ្យាល័យនេះតាំងពីឆ្នាំ១៩៨២មក ទើបឃ្លាតឆ្ងាយបែបណា ក៏នៅតែដក់ជាប់នូវភាពកម្សត់កម្រអនុស្សាវរីយ៍ ជាច្រើនពេលសិក្សា។ កន្លងមកលោកបានបង្កើតមូនិធិ សម្រាប់សិស្សពូកែសិស្សល្អ១០ឆ្នាំ កន្លងមកហើយ ក៏បានបញ្ចប់ទៅ និងមានផែនការរៀបចំឡើងវិញ ទៅថ្ងៃក្រោយទៀត។ ពីមុនៗធ្លាប់ជួយកសាងដែរ ប៉ុន្តែនេះជាសមិទ្ធផល ដែលធំជាងគេ ព្រោះយល់ថា សម្តេចសង្ឃជួនណាត ពិសេសណាស់ឲ្យកូនខ្មែរជំនាន់ក្រោយ ចងចាំព្យាយាមធ្វើគំរូតាមគាត់ ទាំងសីលធម៌ អក្សរសាស្ត្រ ទាំងការបណ្តុះបណ្តាល វប្បធម៌ខ្មែរយើងផងដែរ។ បន្ថែមពីលើនេះ លោកក៏ឆ្លៀតឧបត្ថម្ភចំនួន៤០០០ពាន់ដុល្លារ ដល់បណ្ណាល័យក្នុងវិទ្យាល័យទួលទំពូង ដើម្បីទិញកៅអីតុ។
ដោយឡែក លោក កុយ សេដា នាយកវិទ្យាល័យទួលទំពូង បានសម្តែងការអរគុណ ចំពោះម្ចាស់ជំនួយ ជាអតីតសិស្សវិទ្យាល័យទួលទំពូង ដែលបាននឹកអាល័យ នឹកគិតជួយសាលា មិនទុកចោល ទៅដល់ទីណាកន្លែងណានៅតែនឹកឃើញ។ រូបសំណាកខាងលើធ្វើពីស្ព័ន នឹងក្លាយជាតំណាងភាពចេះដឹងគោរពស្រឡាញ់ របស់សិស្សជំនាន់ក្រោយឲ្យធ្វើគម្រូតាម ផងដែរ៕