(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨ មន្ត្រី​សាខាកាំកុងត្រូល​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដឹកនាំដោយលោក តែ អ៊ិតលាង និងមន្រ្តីរួមមាន លោក ចាន់ ភាហឿន លោក អាង មីនា និងលោក ឌុក ភិវឌ្ឍន៍ បានសហការជាមួយមន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល (រួមជាមួយរថយន្តពិសោធន៍ចល័ត) និងមន្រី្តមន្ទីរពាណិជ្ជកម្ម រួមជាមួយគណៈកម្មការផ្សារ ស៊ិនជូរី ក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះត្រួតពិនិត្យ​គុណភាព​ សុវត្ថិភាព​ ផលិតផលទំនិញ​ ម្ហូបអាហារ​ នៅផ្សារស៊ិនជូរី។

ក្រុមការងារក៏បានអប់រំផ្សព្វផ្សាយស្តីពី​ សុវត្ថិភាពម្ហូបអាហារដល់​អាជីវករ​ផងដែរ។ ក្រុមការងារបានយកគំរូ អាហារ មួយចំនួនដូចជា បន្លែ (គល់ស្លឹកគ្រៃហាន់ ខ្ញី ត្រពាំងត្រាំ ស្ពៃក្រញាញ់ សណ្ដែងបារាំង) គ្រឿងសមុទ្រ ប្រហិតគ្រប់មុខ និងដើម្បីរកសារធាតុគីមី​ដែលច្បាប់ហាមឃាត់។

ជាលទ្ធផល ក្រុមការងារបានរកឃើញនៅក្នុងប្រហិតត្រីឆ្លាតមានវត្តមានសារធាតុគីមីបូរ៉ាក់ចំនួន៣.៣គីឡូក្រាម។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូត ដើម្បីយកទៅកម្ទេចចោលតាមនីតិវិធី និងកំពុងស្រាវជ្រាវបន្តរកកន្លែងប្រភពចែកចាយ។ នៅក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូល បានណែនាំដល់អាជីវករ​ អំពីការរក្សាទុកទំនិញ​ឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះច្បាប់​ លើផលិតផល​ ទំនិញ​ ម្ហូបអាហារ​របស់ខ្លួន​លក់៕