(ភ្នំពេ​ញ)៖ នគបាលព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនមុខសញ្ញាមេចោរម្នាក់ ដែលតែងតែធ្វើសកម្មលួចប្លន់ដ៏សកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចំនួន៣​៥​០​​ដង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ខណៈបក្ខពួកជាច្រើននាក់ផ្សេងទៀតសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួន។

មេចោរលួច និងប្លន់រូបនេះ កំពុងស្ថិតក្នុងចំណាត់ការបើកការស៊ើបសួររបស់លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មុនសំណុំរឿងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ។

ឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ខាងលើបានឱ្យដឹងថា យោងតាមចម្លើយសារភាពរបស់ជនស្ស័យ គឺក្រុមគេធ្លាប់ធ្វើសកម្មភាពលួចប្លន់ម៉ូតូបានជាងប្រមាណ (៣៥០ដង) ហើយចំនួនម៉ូតូ ពួកគេលួច និងប្លន់បាន គឺជាង៣៥០គ្រឿង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវបង្ក្រាបបាន។

លើកចុងក្រោយនេះពួកគេបានធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះ កែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ (មានសារធាតុញឿន) រួមទាំងបក្ខពួកជិត១០នាក់ទៀត ដែលកំពុងរត់គេចខ្លួន។

ឧត្តមសេនីយទោ ប៉ុល រតនា បានបន្តថា ក្នុងនោះសកម្មភាពរបស់ពួកគេមាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អ គឺពួកវាលួចកាច់សោកម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នាបង្កជាជម្លោះជាមួយជនរងគ្រោះ ដែលត្រូវប្លន់ដេញវាយគ្នាដើម្បី បំភាន់ភ្នែកអ្នកជិតខាង រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និងរូបភាពទី៣ គឺធ្វើសកម្មភាពភ្ជុងប្លន់តែម្ដងដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម។

លោកបានបន្តទៀតថា ក្នុងហេតុការណ៍ ដាច់ដោយឡែកមួយទៀត គឺក្រុមនេះក៏បានធ្វើសកម្មភាពប្លន់ នៅមុខស្ថានីយសាំងតេលា សង្កាត់គោកឃ្លាង ប្លន់យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់លួចម៉ូតូ មិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ក្រុមជនសង្ស័យ មិនដែលបរាជ័យនោះទេ៕