(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ បានវិនិយោគទំហំទឹកប្រាក់ប្រមាណជាង១០លានដុល្លារ បន្ថែមទៅលើប្រព័ន្ធធនាគារដែលមានស្រាប់ ជាមួយនឹងភាពជោគជ័យរបស់ ព្រីនស៍ក្នុងការប្រែខ្លួនទៅជាធនាគាពាណិជ្ជ និងការបោះជំហ៊ានដើម្បីសម្រេចនូវទស្សនៈវិស័យរបស់ខ្លួន គឺក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ចនោះ ធនាគារ ព្រីនស៍ ម.ក នៅកម្ពុជា។

ធនាគារ ព្រីនស៍ បានធ្វើការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាចំនួន៥ ក្នុងចំណោមក្រុមហ៊ុនចំនួន១៨ មកពីទ្វីបអាស៊ី និងអឺរ៉ុប ដែលសុទ្ធសឹងជាក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាធនាគារ ដែលទំហំនៃការវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ បន្ថែមពីលើប្រព័ន្ធធនាគារដែលមានស្រាប់ កាលពីថ្ងៃទី០២​ ខែកញ្ញា ថ្មីៗនេះ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ព្រីនស៍ បានថ្លែងថា «ដោយមាននូវមូលដ្ឋានដើមទុនរឹងមាំ និងបានរៀបចំខ្លួនរួចជាស្រេច ដើម្បីឈានដល់គោលដៅក្លាយជាធនាគារពាណិជ្ជឈានមុខគេ និងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុយ៉ាងសម្បូរបែបជាមួយនឹងភាពងាយស្រួល ដល់គ្រប់អតិថិជនទាំងអស់ ជាពិសេសរួមចំណែកធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុក្នុងយុគ្គសម័យថ្មី សម្រាប់ប្រជាពលរដ្ឋកម្ពុជានោះ ការវិនិយោគនេះ គឺជាជំហានបន្តដែលធនាគារយើងខ្ញុំត្រូវធ្វើការបំពាក់បន្ថែមទៅលើប្រព័ន្ធប្រតិបត្តិការធនាគារដែលមានស្រាប់។ ហើយតាមរយៈការចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យានៅក្នុងថ្ងៃនេះ គឺនឹងផ្តល់នូវបទពិសោធន៍ថ្មី ក្នុងវិស័យធនាគារ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលនឹងធ្វើឲ្យអតិថិជនរបស់យើងខ្ញុំមានភាពងាយស្រួល និងទទួលបាននូវបទពិសោធន៍ប្រើប្រាស់សេវាធនាគារបែបទំនើប»។

សម្រាប់ក្រុមហ៊ុនទាំង៥ ដែលនឹងត្រូវចុះកិច្ចសន្យាផ្តល់នូវសេវាកម្មផ្នែកបច្ចេកវិទ្យាឱ្យ ធនាគារ ព្រីនស៍ នៅក្នុងកម្មវិធីនោះរួមមានទី១៖ ក្រុមហ៊ុន BPC Banking Technologies គឺជាក្រុមហ៊ុនផ្តល់នូវសេវាកម្មផ្នែកអភិវឌ្ឍន៍បន្ថែមទៅលើប្រព័ន្ធគ្រប់គ្រង់កាតធនាគារ ប្រព័ន្ធគ្រប់គ្រង់ការលួចបន្លំ និងមុខងារពាក់ព័ន្ធផ្សេងៗទៀត, ទី២៖ ក្រុមហ៊ុន Techurate គឺជាក្រុមហ៊ុនដែលនឹងផ្តល់នូវសេវាកម្មអភិវឌ្ឍមុខងារ Digital Banking ការវិភាគទិន្នន័យ ការរៀបចំដំឡើងប្រព័ន្ធ Flexcube បន្ថែម, ទី៣៖ ក្រុមហ៊ុន Deam Computer International Pte Ltd. ជាដៃគូក្នុងស្រុករបស់ ក្រុមហ៊ុន Oracle ក្នុងការផ្តល់ជូនប្រព័ន្ធរក្សាទុក គ្រប់គ្រងទិន្នន័យ និងប្រព័ន្ធធនាគារស្នូល (Flexcube), ទី៤៖ ក្រុមហ៊ុន IDEALINK Consulting Ltd. ជាដៃគូក្នុងស្រុករបស់ក្រុមហ៊ុន TESS International និង DOW JONES ដែលធ្វើការអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យាត្រួតពិនិត្យប្រព័ន្ធប្រឆាំងការ សម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងទី៥៖ ក្រុមហ៊ុន iFinancial System Services Co., Ltd. នឹងផ្គត់ផ្គង់ម៉ាស៊ីនដាក់ប្រាក់ និងដកប្រាក់ដោយស្វ័យប្រវត្តិ នៅក្នុងម៉ាស៊ីនតែមួយម៉ាក NCR។

គួរបញ្ជាក់ផងដែរថា ធនាគារ ព្រីនស៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលមានឈ្មោះថា «ព្រីនស៍ ហ្វាយនែន ភីអិលស៊ី» ហើយបានអភិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណលេខ B46 ផ្តល់ជូនដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

រហូតមកដល់ពេលនេះ ធនាគារ ព្រីនស៍ គឺជាធនាគាពាណិជ្ជ ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខ 00014627 នៅ ក្រសួងពាណិជ្ជកម្ម។ ស្របទៅតាមកំណើនទំហំប្រតិបត្តិការរបស់ខ្លួន ធនាគារ ព្រីនស៍ បានធ្វើការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទៅជាប្រព័ន្ធ Flexcube កាលពីដើមខែកក្កដាកន្លងទៅនេះ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្តល់ផលិតផលនិងសេវាកម្មធនាគារស្តង់ដាជូនអតិថិជន។
ភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យទាំងនោះ ធនាគារ ព្រីនស៍ ក៏បាននិ​ងកំពុងពង្រីកបណ្តាញសាខារបស់ខ្លួន​ទៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានាផងដែរ៕