(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ដំណើរការដកហូតឯកសារ ដែលជនបរទេសកំពុងកាន់កាប់ដោយខុសច្បាប់នៅកម្ពុជា បាន៨០ភាគរយហើយ ដែលក្នុងនោះភាគច្រើន ជាជនជាតិវៀតណាម។

បើតាមការលើឡើងរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ដំណើរការដកហូតនេះ បានធ្វើឡើងដោយអនុវត្តតាមស្មារតីអនុក្រឹត្យលេខ១២៩ អនក្រចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់បច្ចុប្បន្ននេះ បើគិតតាមឯកសារដែលយើង ដកហូតបាន ប្រមាណ៨០ភាគរយហើយ ដែលដកហូតឯកសារនេះ គឺឯកសាររដ្ឋបាលខ្មែរជាច្រើនប្រភេទ (ដែលជនបរទេសកំពុងកាន់កាប់ដោយខុសច្បាប់នៅកម្ពុជា) ដែលយើងកំពុងដំណើរការបន្ដទៀតលើការងារនេះ»

នាយឧត្តមសេនីយ៍អគ្គនាយក បានលើកឡើងថា ក្រោយការដកហូត​ឯកសារនេះ ជនបរទេសទាំងអស់នោះអាចសម្រេចចិត្តបានចំនួន២យ៉ាង ដោយមួយអាចត្រឡប់ទៅប្រទេសកំណើតវិញ និងម្យ៉ាងទៀត រាជរដ្ឋាភិបាលបានកំណត់ឲ្យក្រសួងមហាផ្ទៃ មានប្រកាសដើម្បីអាចទទួលស្គាល់ពួកគាត់ ជាជនបរទេសអន្ដោប្រវេសន្ដ ដែលតម្រូវឲ្យដាក់ពាក្យសុំ រយៈពេល៧ឆ្នាំនឹងមានសិទ្ធិសុំចូលសញ្ជាតិកម្ពុជា (សម្រាប់មនុស្សធំ) និងសម្រាប់កូនក្មេង រយៈពេល៣ឆ្នាំ ប៉ុន្ដែមិនមែនជាអ្នកចំណូលថ្មីនោះទេ។

ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក៏បានបញ្ជាក់អំពីការចាប់បណ្ដេញជនបរទេស ដែលបានប្រព្រឹត្តបទល្មើសចេញពីកម្ពុជាផងដែរ ដោយចាប់តាំងពីឆ្នាំ២០១៤ ដល់​ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សរុបចំនួន១៤,៧៩០នាក់ មាន៩១សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួន១១,១៩៥នាក់។ ដោយឡែក​៧ខែ ឆ្នាំ២០១៨ មានចំនួនជាង៦,០០០នាក់ ស្នើនឹង២៦សញ្ជាតិ៕