(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រជិត២០០គ្រួសារ មកពីសហគមន៍ចំនួន២ គឺសហគមន៍ឆ្មាអើត នៅសង្កាត់ព្រែកថ្មី និងសហគមន៍ក្រីក្រក្បាលកោះ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនប្រេងម៉ាស៊ីនឌីម៉ិច កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ប្រជាពលរដ្ឋក្រីក្រចំនួន១៨២គ្រួសារខាងលើ រស់នៅក្នុងតំបន់សហគមន៍ដែលមិនទាន់រៀបរយ ហើយកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ គឺអ្នកខ្លះជាកម្មករសំណង់រើសអេតចាយ និងខ្លះទៀតជាអ្នកស៊ីឈ្នួលតូចតាចរកព្រឹកខ្វះល្ងាច។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានចូលរួមផ្ដល់ជាជំនួយមួយចំនួនដល់ប្រជាពលរដ្ឋទាំង១៨២គ្រួសារនោះដែរ និងពិនិត្យមើលលទ្ធភាពដែលអាចផ្ដល់ជាដីនៅលើទីតាំងនោះផ្ទាល់តែម្ដង ដើម្បីឲ្យពួកគាត់បានរស់នៅអាស្រ័យផលសម្រាប់ចិញ្ចឹមជីវិតយូរអង្វែង។ ចំពោះកង្វះទឹកភ្លើងដែលមិនទាន់ទៅដល់លោកបានសន្យាដោះស្រាយឲ្យពួកគាត់ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោក អ៊ូច ង៉ុយ ប្រធានក្រុមហ៊ុនប្រេងម៉ាស៊ីនឌីម៉ិច ក៏បានផ្ដល់ជាអំណោយមានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកផ្លែឈើ និងថវិកាមួយចំនួនផងដែរ សំរាប់ដោះស្រាយការប្រឈមជាបឋម ដែលនេះជាជំនួយផ្ទាល់ខ្លួនរបស់លោក។ លោកក៏បានអំពាវនាវដល់អតិថិជនទាំងអស់ដែលប្រើប្រេងម៉ាស៊ីនឌីម៉ិចរបស់លោក សូមប្រុងប្រយ័ត្ន និងពិនិត្យមើលនៅលើគំរបកំប៉ុងដែលមានត្រាសញ្ញាឌីម៉ិច «DEMEX» ជាសំគាល់ បើគ្មានសញ្ញាត្រាសំគាល់ផុសឡើងលើគំរបកំប៉ុងឈ្មោះ DEMEX នោះទេ គឺជារបស់ក្លែងក្លាយ ព្រោះកន្លងមកមានការក្លែងបន្លំឈ្មោះប្រេងម៉ាស៊ីន DEMEX តែគ្មានត្រាសំគាល់៕