(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះផ្សាយថា ខ្លួនទើបបានអនុម័តគម្រោងវិនិយោគថ្មីចំនួន១ទៀត ដែលសរុបទុនវិនិយោគរហូតដល់ ៣០០.៤លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋបាន៥៤៥កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះផ្សាយលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកែច្នៃ និងកម្ទេចចោលសំណល់រថយន្ត បរិក្ខារអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ របស់ក្រុមហ៊ុន MI NER VA INVESTMENT CO.,LTD. គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៥កន្លែង។
សូមជម្រាបថា នៅប្រទេសកម្ពុជាសព្វថ្ងៃ វិនិយោគិនបរទេស កំពុងសម្រុកមកវិនិយោគ ក៏ដូចជាមកធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាជាបន្តបន្ទាប់។ សកម្មភាពវិនិយោគដ៏ច្រើនលើសលប់នេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ដោយសារប្រទេសកម្ពុជា មានសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ដែលអំណោយផលដល់ការវិនិយោគ៕