(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចូលរួមអបអរសាទរចំពោះការដណ្តើមមេដាយមាស ពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ ជូនជាតិមាតុភូមិពីសំណាក់កីឡាការិនី ខាន់ ជេសា និងលោក សាលី អ៊ូមើត។ លោកចាត់ទុកថានេះជាមោទនភាពមួយសម្រាប់ជាតិខ្មែរ ដែលកំពុងខ្វះខាតយ៉ាងខ្លាំង។
លោក ពេជ្រ ស្រស់ បានបញ្ជាក់នៅលើទំព័រ Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សូមចូលរួមសាទរដល់ កញ្ញា ខាន់ ចេសា និងលោក សាលី អ៊ូមើត ដែលបាននាំមេដាយមាស២ និងសំរឹទ្ធ១ដល់កម្ពុជា ពីការប្រកួតកីឡា Asian Games ដែលធ្វើឱ្យប្រទេសកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិ ជាពិសេសលើកមុខមាត់កម្ពុជាយ៉ាងខ្លាំងលើឆាកអន្តរជាតិ ជយោ..ជយោ ព្រះរាជាណាចក្រកម្ពុជា..!»។
ការចេញមុខអបអរសាទររបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់កីឡាការិនី ខាន់ ចេសា និងលោក សាលី អ៊ូមើត បានដណ្តើមមេដាយមាសជូនជាតិកម្ពុជា ក្រោយពេលកម្ពុជា បានចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី៦៤ឆ្នាំមកហើយនោះ។ ការដណ្តើមបានជោគជ័យដ៏ឧត្តុងឧត្តមសម្រាប់ជាតិកម្ពុជានេះ កីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ត្រូវបានដង្ហែតាមដងផ្លូវអម ដោយម៉ូតូ៦គ្រឿង និងភ្លេងឆៃយ៉ាំផងដែរ បន្ទាប់ពីពួកគេបានចុះពីលើយន្តហោះនៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ។ ជាពិសេសវីរៈកីឡាករ និងកីឡាការិនីទាំងពីររូប ត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ពីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការដណ្តើមបានមេដាយមាស និងសំរឹទ្ធពីសំណាក់កីឡាករ និងកីឡាការិនីទាំងពីររូបនេះថា ជាការនាំមកនូវមោទនភាព និងកិត្តិយសសម្រាប់ជាតិកម្ពុជាទាំងមូល មិនមែននាំមកតែសម្រាប់រាជរដ្ឋាភិបាល ឬកីឡាករ កីឡាការិនី ឬក្រុមគ្រួសាររបស់ពួកគេនោះទេ។
គួររំលឹកថា កម្ពុជា បានបញ្ជូនអត្តលិក១៣ប្រភេទកីឡាទៅចូលរួមក្នុង Asian Games លើកទី១៨ នៅទីក្រុងប៉ាឡាំងបាង និងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ដែលសម្រេចជាលទ្ធផលមានតែ២ប្រភេទកីឡាប៉ុណ្ណោះ ដែលដណ្តើមបានមេដាយ៣គ្រឿង ក្នុងនោះរួមមាន កីឡាជឺជិតស៊ូ (Ju-Jitsu) ដោយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ប្រភេទទម្ងន់៤៩គីឡូក្រាម ឈ្នះមេដាយមាស១គ្រឿង មុនពេលប្រភេទកីឡាម៉ូតូទឹក ឈ្នះមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ដណ្តើមបានដោយកីឡាករ សាលី អ៊ូមើត។
កម្ពុជា បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២៤ ក្នុងចំណោម ៣៧ប្រទេសដែលឈ្នះមេដាយនៅក្នុងយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងប្រចាំទ្វីបអាស៊ី Asian Games 2018 និងឈរនៅលើ៨ប្រទេសផ្សេងទៀត ក្នុងចំណោម៤៥ប្រទេស សរុបដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាចម្រុះមួយនេះ ដោយមាន ៤០ប្រភេទកីឡា ស្មើនឹង ៤៦៥វិញ្ញាសា ដែលមានអត្តពលិកជាង ១០០០០នាក់ចូលរួម ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨៕