(ប៉ៃលិន)៖ ករណីដាច់ខ្សែរ៉តធ្លាក់​មកក្រោម នៅចំណុចការដ្ឋាន​សំណង់សណ្ឋាគារ​ Diamond Crown​ និងកាស៊ីណូ ស្ថិតក្នុងភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសម្លាប់មនុស្សកើនដល់០៤នាក់ ​និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ​ជនរងគ្រោះទី១៖ឈ្មោះ លីម វែង អាយុ១៨ឆ្នាំ រស់នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ របួស​បាក់ជើង បាក់ដៃ និង​គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ ហើយបានស្លាប់នៅក្នុង មន្ទីរពេទ្យបង្អែក, ទី២៖ឈ្មោះ តន អាយុ២៩ឆ្នាំ រស់នៅភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង របួស​បាក់ឆ្អឹងជើងទាំងពីរ, ទី៣៖ឈ្មោះ ធោន កក ​អាយុ​១៩ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្ត​កំពង់ធំ (ស្លាប់), ទី៤៖ឈ្មោះ ប្រាក់ ឃឿន អាយុ៣៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ (ស្លាប់) និងទី៥៖ឈ្មោះ ​បុរី អាយុ២៣​ឆ្នាំ រស់នៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ (​ស្លាប់)។

កម្មករក្នុងការដ្ឋានបានរៀបរាប់ថា ​នៅព្រឹកមិញនេះ កម្មករចាប់ផ្តើមធ្វើការជាធម្មតា លុះវេលាម៉ោងកើតហេតុខាងលើ មានកម្មករ​១ក្រុម មានគ្នា​៥នាក់ ឡើងទៅការដ្ឋានជាន់លើ ដោយជិះរ៉តយោង លុះដល់ជាន់ទី៧ ក៏ដាច់ខ្សែររ៉តធ្លាក់មកតែម្តង។

ជុំវិញករណីនេះសមត្ថកិច្ច បានសន្និដ្ឋានថា ​ករណីគ្រោះថ្នាក់នេះ កើតឡើងបណ្តាលមកពី​ម្ចាស់ការដ្ឋានសំណង់ មានការធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើប្រាស់រ៉តសម្រាប់កម្មករជិះ ឡើងចុះអាគារខ្ពស់រហូត​១២ជាន់ ដែលមិនមានសុវត្ថិភាព។

បច្ចុប្បន្ន​អាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញ ដែលដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានចុះពិនិត្យមើលដល់ទីតាំងការដ្ឋានផ្ទាល់ ហើយសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែកជនរងគ្រោះរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល និងសង្គ្រោះបន្ទាន់៕​