(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណកម្មជ្រើសរើស និងត្រួតពិនិត្យលក្ខណៈ សម្បត្តិសិក្ខាកាមបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស បានដាស់តឿនដល់សិក្ខាកាមដែលជាសិស្សនាយទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលចេញទៅទទួលការសិក្សាបន្ថែមនៅបរទេសទាំងអស់ ត្រូវតែខិតខំសិក្សារៀនសូត្រ គោរពវិស័យរបស់សាលា ជាពិសេសរក្សាភាពថ្លៃថ្នូរ របស់ជាតិមាតុភូមិឱ្យបានល្អប្រសើរ។
នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានថ្លែងបែបនេះនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ រួមជាមួយនាយឧត្តមសេនីយ៍ រួមជាមួយនាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយសិក្ខាកាមទៅបំពេញកម្មសិក្សានៅប្រទេសវៀតណាម នៅសាកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានបន្តថា សិក្ខាកាមដែលជានាយទាហានជំនាន់ដែលបានទៅសិក្សានៅបរទេសនេះ គឺកើតឡើងដោយសារ តែប្រទេសជាតិ មានសុខសន្តិភាព សេរីភាព ពេញលេញ និងជាពិសេសគឺសហប្រតិបត្តិការរវាងប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខិតខំធ្វើយ៉ាងណាឱ្យកម្ពុជា ជៀសផុតពីភ្លើងសង្គ្រាម និងបានសហការគ្នាជាមួយបណ្តា ប្រទេសជាមិត្តដើម្បីផ្លាស់ប្តូរសិក្ខាកាមគ្នាទៅវិញទៅមក ដើម្បីបង្កើននូវចំណេះ និងបទពិសោធន៍រវាងគ្នាផងដែរ។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ទាំងនេះមកពីកត្តាកម្ពុជា ទទួលបាននូវស្ថិរភាព ការអភិវឌ្ឍន៍ ដែលស្តែងចេញពីការគីតគូរដ៏ឈ្លាសវៃ របស់ប្រមុខដឹកនាំប្រទេសនាំកម្ពុជាឆ្ពោះទៅចក្ខុវិស័យមួយដ៏រីកចម្រើន ចាប់តាំងពីបាតដៃទទេររហូតប្រែក្លាយប្រទេសឱ្យមានមុខមាត់នៅលើតំបន់ និងឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់ការបញ្ជូននាយទាហានជំនាន់ក្រោយទៅសិក្សា និងបណ្តុះបណ្តាលនៅបរទេសទាំងអស់ គឺជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនដល់កិច្ចការការពារជាតិមាតុភូមិ និងចូលរួមក្នុងកិច្ចសហការកសាងជាតិ ដើម្បីឆ្ពោះទៅរកការអភិឌ្ឍ លើគ្រប់វិស័យទាំងផ្នែកសេដ្ឋកិច្ច នយោបាយ ការបរទេស ជាពិសេសវិស័យការជាតិនេះតែម្តង៕