(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា ពលរដ្ឋខ្មែរសញ្ជាតិអាមេរិក និងអ្នកនយោបាយបរទេសនិយមមួយចំនួនគ្មានគំនិត និងគ្មានជំហរនយោបាយផ្ទាល់ខ្លួននោះទេ។
ការថ្លែងបែបនេះរបស់លោក សួន សេរីរដ្ឋា ទំនងចង់សំដៅទៅរក លោក សម រង្ស៊ី ដែលមានជំហរនយោបាយមិនច្បាស់លាស់។ ការអះអាងនេះ ក៏ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានបំផុសបំផុលឲ្យប្រជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិចកាំង ដែលកំពុងរស់នៅក្រៅប្រទេស ឲ្យជួបជុំគ្នាធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលតំណាងឲ្យប្រទេសចិន នៅក្នុងទីក្រុង ឡូសអានជេឡែស (Los Angeles) និងទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វរញ៉ា (Carlifornia)។
លោក សួន សេរីរដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិក តែខ្ញុំប្រកាន់យកទស្សនៈខ្មែរនិយម មិនយកសញ្ជាតិបរទេសនិយមទេ។ អាមេរិក នឹងចាញ់ចិន ចាញ់រុស្ស៊ី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះតែនយោបាយ "ក្បាល និងជើងដើរផ្ទុយគ្នា"។ អគ្គរដ្ឋទូតអាមេរិកនៅក្រៅប្រទេស មិនយល់ពីនយោបាយរបស់ ប្រធានាធិបតីខ្លួន»។
លោកបន្តថា «ពលរដ្ឋខ្មែរសញ្ជាតិអាមេរិក និងអ្នកនយោបាយបរទេសនិយមមួយចំនួនគ្មានគំនិត និងគ្មានជំហរនយោបាយផ្ទាល់ខ្លួនទេ។ ចេះត្រឹមតែយកសំបករូបភាពមកធ្វើនយោបាយបោកប្រាស់ពលរដ្ឋខ្លួនឯង។ និយាយពីអ្នកអាចជួបសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងបេក្ខជនប្រធានាធិបតី ដែលមានឥទ្ធិពលក្នុងបក្សសាធារណរដ្ឋ គឺមានតែខ្ញុំទេ តាំងពីឆ្នាំ២០១០មក។ តែគំនិតនយោបាយ និងទស្សនៈខ្មែរ និយមរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំសម្រេចចិត្តមិនធ្វើការជាមួយពួកប្រឆាំងផ្កាប់មុខ ដែលចូលចិត្តបង្កើតបញ្ហា រួចយកបញ្ហាធ្វើអាជីវកម្ម»។
បើតាមអតីតប្រធានគណបក្សអំណាចខ្មែររូបនេះ ការធ្វើនយោបាយដឹកនាំបាតុកម្ម បង្កើតវប្បធម៌ស្អប់គ្នា ដូចសកម្មភាពរបស់លោក សម រង្ស៉ី ជានយោបាយហួសសម័យហើយ។ លោកបន្តថា នយោបាយសម័យថ្មីនេះ មិនមែនធ្វើនយោបាយបំបែកឆ្នាំងបាយពលរដ្ឋ បន្ថែមទុក្ខឲ្យពលរដ្ឋ ដូចមេចលនាសង្រ្គោះជាតិរូបនេះកំពុងធ្វើនោះទេ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះហួសពេលហើយដែលធ្វើនយោបាយដឹកនាំធ្វើបាតុកម្ម បង្កើតវប្បធម៌ប្រមូលគ្នាស្អប់ ប្រមូលគ្នាស្រលាញ់ របៀបដែលខ្ញុំធ្លាប់ហៅថា "ពេលស្រលាញ់ដេញតាមចាប់ ពេលចង់សម្លាប់ដេញតាមជាន់" នោះ។ សម័យថ្មីនេះ អ្នកនយោបាយ និងអ្នកស្រលាញ់ជាតិពិតប្រាកដ ត្រូវលើកទឹកចិត្តជំរុញឲ្យគ្រប់គ្នាហ៊ានទទួលយកការពិត និងហ៊ានឡើងវេទិកាសាធារណៈតទល់គ្នាទល់មុខ បញ្ចេញដំណោះស្រាយជួយរំដោះទុក្ខពលរដ្ឋ។ ពោលគឺមិនមែនធ្វើនយោបាយបំបែកឆ្នាំងបាយពលរដ្ឋ បន្ថែមទុក្ខឲ្យពលរដ្ឋទេ»៕