Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្ទប់ពិគ្រោះ ព្យាបាលជម្ងឺ និងលក់ឱសថក្លែងក្លាយ របស់ជនជាតិខុសច្បាប់មួយកន្លែង នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវអាជ្ញាធរ និងមន្រ្តីសុខាភិបាលចុះបង្ក្រាប

04-09-2018 11:27

(ស្វាយរៀង)៖ ក្រុមការងារលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ និងមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណារ៉ា ប្រធានលេខាធិការដ្ឋាន សហការពីលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត និងជាប្រធានអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ ក្រុងបាវិត ព្រមទាំងមន្ត្រីនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានចុះបង្រ្កាបបន្ទប់ពិគ្រោះ និងព្យាបាលជំងឺអត់ច្បាប់របស់ជនជាតិចិនមួយកន្លែង នៅក្នុងតំបន់ពាណិជ្ជកម្ម ក្រុងបាវិត ខេត្តស្វយរៀង។

ក្នុងនោះក្រុមការងារ បានប្រមូលថ្នាំក្លែងក្លាយផលិតនៅប្រទេសចិន ដែលមិនបានចុះបញ្ជីការនៅក្រសួងសុខាភិបាលចំនួន៤កេស យកមករក្សាទុកនៅមន្ទីរសុខាភិបាលដើម្បីដុតកម្ទេចចោល។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ក្នុងអំឡុងពេលមុន និងក្រោយបោះឆ្នោត សេវាសុខាភិបាលខុសច្បាប់ នៅក្នុងខេត្តស្វាយរៀង មានការកើនឡើងបន្តិច មានទាំងជនជាតិខ្មែរ និងបរទេស។

ប៉ុន្តែក្នុងនាមរូបលោកប្រធានមន្ទីរ លោកសន្យាថា នឹងខិតខំប្រឹងប្រែងលុបបំបាត់ឱ្យអស់ទូទាំងខេត្តស្វាយរៀង។ លោកវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ទៀតថា «ដើម្បីលុបបំបាត់សេវាសុខាភិបាល ខុសច្បាប់នេះ ឱ្យមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមសហការពីព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និងសមត្ថកិច្ចមូលដ្ឋាន ដោយអនុវត្តតាមគោលការណ៍ច្បាប់ជាធំ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ ពលរដ្ឋឲ្យកាន់តែប្រសើរឡើង»