(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។
មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំងលក់ដោយ បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក សរសៃគុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង ស្លឹកគូឆាយ ឆៃថាវ ក្តាមប្រៃ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។
មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ទោះបីការចុះអង្កេតទំនិញនៅផ្សារខាងលើ រកមិនឃើញមានផលិតផលម្ហូបអាហារណាមួយ មានសារធាតុគីមីហាម ឃាត់ក៏ដោយ តែនេះជាសកម្មភាព ប្រចាំខែ ប្រចំាឆ្នាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មដែលបានដាក់ចេញគោលការណ៍ច្បាស់លាស់។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាកដែលបណ្តាល មកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមបណ្តាផ្ទះលក់ទំនិញទាំងអស់ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕