(សៀមរាប)៖ ដោយសាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សភាពការណ៍គ្រឿងញៀនបានវិវឌ្ឍទៅរកស្ថានភាពមួយគួរឱ្យព្រួយបារម្ភ រីឯការបង្ក្រាបគ្រឿងញៀនក៏បានកើនឡើង ក្នុងកម្រិតខ្ពស់ដែលមិនធ្នាប់មានផងនោះ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្ពុជា-ថៃ បានបើកកិច្ចប្រជុំទ្វេភាគីលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្ត១ឆ្នាំកន្លងមក និងបន្តដាក់ទិសសដៅបង្ក្រាបគ្រឿងញៀនតទៅមុខទៀត។
កិច្ចប្រជុំនេះត្រូវបានរៀបចំនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពខាងភាគីកម្ពុជា មាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) ប្រធានគណៈប្រតិភូកម្ពុជា និងប្រតិភូខាងភាគីថៃ មានលោក ស៊ីរិនយ៉ា សិទ្ធិឆៃ អគ្គលេខាធិការ នៃប្រតិភូក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រថៃ ព្រមជាមួយវត្តមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កិច្ចប្រជុំទ្វេភាគីថៃ-កម្ពុជា នាពេលនេះ នឹងរួមគ្នាពិនិត្យឡើងវិញនូវលទ្ធផល នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដែលប្រទេសទាំងពីរបានខិតខំអនុវត្តរយៈពេល១ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីថៃ-កម្ពុជាលើកទី១១ ដែលបានរៀបចំនៅខេត្តបុរីរម្យ (ប៊ូរីរ៉ាំ) កាលពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៧ ទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ ក៏ថ្លែងអំណរគុណដល់ភាគីថៃ (ONCB) ដែលក្នុងឆ្នាំ២០១៧-២០១៨ បានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា រួមមាន៖ ការឧបត្ថម្ភហិរញ្ញវត្ថុ, ការបណ្តុះបណ្តាលធនធានមនុស្សទាំងជំនាញព្យាបាល និងស្តារនីតិសម្បទាដល់មន្រ្តីជំនាញដែលកំពុងបម្រើការងារ នៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនរដ្ឋ និងឯកជន, ការបណ្តុះបណ្តាលជំនាញមន្រ្តីអនុវត្តច្បាប់ និងការពង្រឹងប្រសិទ្ធភាពរបស់មន្ទីរពិសោធន៍។
លោកបានបន្ថែមថា ទន្ទឹមនឹងការជួយគាំទ្រពីភាគីថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ សំដៅបង្កើនប្រសិទ្ធភាពត្រួតពិនិត្យគ្រឿងញៀននៅក្នុងប្រទេស និងរួមចំណែកជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ពិសេសនៅតាមតំបន់ព្រំដែន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសង្កត់ធ្ងន់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សភាពការណ៍គ្រឿងញៀននៅកម្ពុជា បានវិវឌ្ឍទៅរកស្ថានភាពមួយគួរឱ្យព្រួយបារម្ភ។ រីឯបរិមាណនៃការចាប់យកគ្រឿងញៀន ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ដែលមិនធ្នាប់មានផងដែរ៕