(ប៉ៃលិន)៖ ដាច់ខ្សែរ៉តក្នុងការដ្ឋានសំណង់មួយកន្លែង នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទល់មុខសណ្ឋាគារម្កុដពេជ្រចាស់ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យកម្មករសំណង់៣នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់នោះរួមមាន ទី១៖ឈ្មោះ ផោន កក អាយុ១៩ឆ្នាំ ទីលំនៅភូមិស្តុកស្តម ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពងធំ (ស្លាប់), ទី២៖ឈ្មោះ ពឿ សារី ហៅបូរី អាយុ២៣ឆ្នាំ រស់នៅភូមិជីវភាព ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពងធំ (ស្លាប់), ទី៣៖ឈ្មោះ ប្រាក់ ឃឿន អាយុ៣៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ (ស្លាប់), ទី៤៖ឈ្មោះ លីម វែង អាយុ១៨ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្តកំពងធំ (របួសធ្ងន់) និងទី៥៖ឈ្មោះ តន អាយុ៣២ឆ្នាំ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង់។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់នេះ ដោយសារផ្ទុកមនុស្ស និងសម្ភារសំណង់ មានខ្សាច់ និងសន្លឹកពីដាន លើសចំណុះទើប បណ្ដាលឲ្យដាច់ខ្សែរ៉តធ្លាក់ស្លាប់ និងរបួសបែបនេះតែម្ដង។ បច្ចុប្បន្នសពសមត្ថកិច្ចជំនាញ កំពុងទាក់ទងទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕