(ភ្នំពេញ)៖ លោក សាម អ៉ីន អ្នកនាំពាក្យគណបក្សប្រជាជនធិបតេយ្យ បានចាត់ទុកការដណ្តើមមេដាយមាសពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ ជូនជាតិមាតុភូមិពីសំណាក់កីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា គឺជាមោទនភាពមួយសម្រាប់ជាតិខ្មែរដែលកំពុងខ្វះខាតយ៉ាងខ្លាំង។ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ ក៏បានសម្តែងការអបអរសាទរនូវជោគជ័យជាប្រវត្តិសាស្ត្រនេះផងដែរ។
លោក សាម អ៉ីន បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថា «ចូលរួមសាទរដល់កញ្ញា ខាន់ ចេសា និងលោក សាលី អ៊ូមើត ដែលបាននាំមេដាយមាស២ និងសំរឹទ្ធ១ ដល់កម្ពុជា ពីការប្រកួតកីឡា Asian Games។ នេះជាការផ្តល់មោទនភាពជាតិមួយដែលខ្មែរយើងខ្វះខាតយ៉ាងខ្លាំង ក្រោយសម័យអង្គរ»។
ការចេញមកអបអរសាទរបស់លោក សាម អ៉ីន ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គណបក្សនយោបាយនៅកម្ពុជាចូលរួមអបអរសាទរចំពោះជ័យជម្នះមួយនេះ។
កីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា គឺជាវីរៈកីឡាករ កីឡាការិនីថ្មីទៀតរបស់កម្ពុជា ដែលបានដណ្តើមមេដាយមាស និងសំរឹទ្ធជូនជាតិកម្ពុជា ក្រោយពេលកម្ពុជាបានចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី៦៤ឆ្នាំមកហើយនោះ។
ការដណ្តើមបានជោគជ័យដ៏ឧត្តុងឧត្តមសម្រាប់ជាតិកម្ពុជានេះ កីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ត្រូវបានដង្ហែតាមដងផ្លូវអមដោយម៉ូតូ ៦គ្រឿង និងភ្លេងឆៃយ៉ាំផងដែរ បន្ទាប់ពីពួកគេបានចុះពីលើយន្តហោះនៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។ ជាពិសេសវីរៈកីឡាករ និងកីឡាការិនីទាំងពីររូប ត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការដណ្តើមបានមេដាយមាស និងសំរឹទ្ធពីសំណាក់កីឡាករ និងកីឡាការិនីទាំងពីររូបនេះថា ជាការនាំមកនូវមោទនភាព និងកិត្តិយសសម្រាប់ជាតិកម្ពុជាទាំងមូល មិនមែននាំមកតែសម្រាប់រាជរដ្ឋាភិបាល ឬកីឡាករ កីឡាការិនី ឬក្រុមគ្រួសាររបស់ពួកគេនោះទេ។
សម្តេចប្រមុខនៃរាជរដ្ឋាភិបាលក្នុងឱកាសស្វាគមន៍នោះ ក៏បានបានថ្លែងអំពាវនាវដល់គណបក្សនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នចូលរួមអបអរសាទរចំពោះជោគជ័យរបស់កីឡាករ កីឡាការិនីទាំងពីររូប មិនគួរកំណាញ់ត្រឹមការនិយាយពាក្យអបអរសាទរ ដូចគណបក្សប្រឆាំងពីអតីតកាល ដែលសម្តេចសម្តៅដល់អតីតគណបក្សសង្គ្រោះជាតិនោះទេ។
ក្រោយការអំពាវនាវរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល គេទើបឃើញមានអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយប៉ុណ្ណោះបានចូលរួមសម្តែងការអបអរសាទរនេះ៕