(ភ្នំពេញ)៖ យប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ សាលាប៊ែលធីអន្តរជាតិ បានរៀបចំពិធីជប់លៀងជួបជុំសិស្សថ្នាក់ទី១២ ជំនាន់ទី១៣ (BELTEI Senior Prom) ប្រមាណ ១,០៩០នាក់ ដែលបានប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងឲ្យសិស្សថ្នាក់ទី១២ ជំនាន់ទី១៣ ដែលបានសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ក្នុងរយៈពេល ១២ឆ្នាំកន្លងមក បានជួបជុំគ្នាថតរូបកំរងអនុស្សាវរីយ៍ រាំលេងកំសាន្តសប្បាយរីករាយ បង្កើនអនុស្សាវរីយ៍ រក្សាទំនាក់ទំនង និងចំណង មិត្តភាពមិនអាចកាត់ថ្លៃបាន រវាងសិស្ស និងសិស្ស សិស្ស និងគ្រូ សិស្ស និងថ្នាក់ដឹកនាំ ប៊ែលធី។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានជូនពរសិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងជីវិត ក៏ដូចជាការសិក្សាថ្នាក់ឧត្តមសិក្សានាពេលអនាគត។ លោកបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលបានចូលរួមសហការជាមួយសាលាក្នុងការផ្តល់ឱកាសឱ្យបុត្រធីតារបស់ខ្លួន រៀនបានចប់ចុងចប់ដើម នៅថ្នាក់វិទ្យាល័យ ហើយលទ្ធផលនឹងប្រកាសជាផ្លូវការនាថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។ លោកបណ្ឌិតក៏បានជូនពរក្មួយៗទាំងអស់ ឱ្យប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យដោយជ្រើសរើសមុខជំនាញ ដែលខ្លួនពេញចិត្តធ្វើជាអាជីពទៅអនាគត។
ឱកាសបវេសនកាលថ្មី ចូលរៀនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សាលានឹងផ្តល់ជូននូវកម្មវិធីពិសេសដូចជា៖
-ថ្នាក់ចំណេះទូទៅ បង់ថ្លៃសិក្សា រយៈពេល ១ឆ្នាំ ផ្តល់ជូន ឯកសណ្ឋាន ២កំប្លេ (ផុតកំណត់ថ្ងៃទី ០១ កញ្ញា ២០១៨)
-ថ្នាក់ភាសាអង់គ្លេស បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត (ផុតកំណត់ថ្ងៃទី ០៨ កញ្ញា ២០១៨) ៕