(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រយៈពេល៨ខែ (មករា ដល់ ខែសីហា) ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៥១៤៥ករណី ដោយឃាត់ខ្លួនមនុស្ស១០១៩៩នាក់នាក់ (ស្រី៨៣១នាក់) ក្នុងនោះជនបរទេស២១៣នាក់ (ស្រី៤៦នាក់) មាន១៥សញ្ជាតិ។
របាយការណ៍បានបញ្ជាក់ថា ការបង្ក្រាប៥១៤៥ករណី និងរឹបអូនវត្ថុតាងរួមមាន៖
១៖ ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ ៣៣០៤ករណី ឃាត់ខ្លួន ៥៩៦៥នាក់ (ស្រី៦០១នាក់)
២៖ ករណីប្រើប្រាស់ ១៨៤១ករណី ឃាត់ខ្លួន៤២៣៤នាក់ (ស្រី ២៣០នាក់)
៣៖ អនុវត្ដដីកាចំនួន១៦០ដីកា ឃាត់ខ្លួន១៥៥នាក់ (ស្រី៦នាក់)
៤៖ សារធាតុញៀនគ្រប់ប្រភេទដែលដកហូតបានជាង៤៨៧កីឡូក្រាម និង១០៤៥កញ្ចប់
៥៖ ដកហូតកញ្ឆាក្រៀមចំនួនជាង៣៨គីឡូក្រាម និង១៣២,១៧៥ដើម
៦៖ សម្ភារៈចាប់យកមានរថយន្ដ៥៩គ្រឿង ម៉ូតូ ១២៥៨គ្រឿង ទូរស័ព្ទ ៣៣២២គ្រឿង ជញ្ជីងថ្លឹង ១៣៥គ្រឿង អាវុធខ្លី១៧ដើម អាវុធវែង១២ដើម។
៧៖ ចលន និងអចលនទ្រព្យ ស្នើសុំបង្កកចំនួន៥កន្លែង មានដីចំកា១កន្លែង ដីឡូត៍២កន្លែង និងផ្ទះល្វែង២កន្លែង៕