(ភ្នំពេញ)៖ លោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល អំពាវនាវដល់ម្ចាស់អាជីករផ្នែកចំណីអាហារ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាននៅទូទាំងប្រទេស មកទទួលវគ្គបណ្ដុះបណ្ដាល គោលការណ៍អនុវត្ដន៍អនាម័យល្អ ពីក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយចំណីអាហារនៅកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសប្រគល់វិញ្ញាបនបត្របញ្ជាក់អនាម័យ និងគោលការអនុវត្ដអនាម័យល្អ (Logo) ជូនដល់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ជិត៣០ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាល ។
លោកបណ្ឌិត ហេង ប៊ុនគៀត បានថ្លែងបន្ដថា «គិតត្រឹមខែសីហាឆ្នាំ២០១៨នេះ អាហារដ្ឋាន និងភោជនីយដ្ឋាន ទូទាំងប្រទេសសរុប ៤,៤៦៧ មានវិញ្ញាបនបត្រ អនាម័យ ១,៤៦២ មានស្លាកសញ្ញា (Logo) មានចំនួន ៥៥៤ គឺ កម្រិតល្អA៖ ៤១២, បង្គួរB៖ ១១៥ និងមធ្យមC៖ ២៧ ។ដូច្នេះសូមម្ចាស់អាជីករទាំងអស់ បន្ដមកទទួលវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់ៗគ្នា ដើម្បីបន្ដពង្រឹងសមត្ថភាព លើគុណភាព និងអនាម័យបន្ដទៀត ដើម្បីក្លាយជាភោជនីយដ្ឋានស្ដង់ដាមួយ ដែលផ្ដល់ទំនុកចិត្ដពីអតិថិជនជាភ្ញៀវជាតិ និងអន្ដរជាតិ ពិសេសការរួចចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយចំណីអាហារនៅកម្ពុជា»។
លោកបណ្ឌិត ហេង ប៊ុនគៀត បានបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងមើលឃើញថា ម្ចាស់ភោជនីយដ្ឋាននីមួយៗ បានស្វែងយល់ច្រើនជាងមុន នូវអត្ថប្រយោជន៍នៃការចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនេះ ព្រោះថាកន្លងមក តាមភោជនីយដ្ឋានមួយចំនួន បញ្ជូនតែកូនចៅខុសជំនាញ មកទទួលវគ្គបណ្ដុះបណ្ដាល ដែលមិនបានយកទៅអនុវត្ដន៍បន្ដ ដូចនេះហើយបញ្ហានៅតែបន្ដកើតមានឡើង។ ប៉ុន្ដែក្នុងរយៈពេល២ឆ្នាំមកនេះ ឃើញថា អ្នកគ្រប់គ្រង ឬម្ចាស់ភោជនីយដ្ឋាន ឬអាហារដ្ឋាន ចូលរួមផ្ទាល់តែម្ដង នោះគាត់នឹងយកបទពិសោធន៍នៃការសិក្សានេះ ទៅបណ្ដុះបណ្ដាលដល់បុគ្គលិកគាត់បន្ដទៀត យ៉ាងមានប្រសិទ្ធភាព»។
ទោះជាយ៉ាងនេះក្ដី មន្រ្តីក្រសួងសុខាភិបាល ក៏នៅតែបន្ដអំពាវនាវ ដល់ម្ចាស់ភោជនីយដ្ឋានជាច្រើនទៀត ដែលមិនទាន់បានមកទទួលវគ្គបណ្ដុះបណ្ដាល គោលការណ៍អនុវត្ដអនាម័យល្អនេះ សូមមេត្ដារួសរាន់ឡើង ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយចំណីអាហារនៅកម្ពុជា ពិសេសក្នុងការទាក់ទាញភ្ញៀវទេសចរ មកកំសាន្ដនៅកម្ពុជាផងដែរ ៕