(ភ្នំពេញ)៖ ថ្មីៗនេះប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញបដិមាអាទិទេពស្រីមួយអង្គមានព្រះហស្ដបួន (ដៃ៤) ដែលព្រះហស្ដពីរខាងឆ្វេងកាន់ខ្យងស័ង្ខ និងដំបងក្បាលមូល ហើយព្រះហស្ដខាងស្ដាំផ្នែកខាងលើបាក់ត្រឹមស្មា និងផ្នែកខាងក្រោមមានអាការកាន់អាវុធអ្វីម្យ៉ាង តែត្រូវបាត់ពីព្រះហស្ត។ បដិមានេះលម្អដោយសំពត់វែងត្រឹមកព្រះបាត (កជើង) លេងខ្លួនទទេរ ពាក់មកុដរាងបំពង់ ហើយមានសភាពដាច់ត្រឹមកព្រះបាទថែមទៀត។
បដិមាអាទិទេពស្រីនេះ ត្រូវបានរកឃើញនៅភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ ដំបូងឡើយអ្នកភូមិមានការយល់ច្រឡំថា បដិមានេះជាបដិមា «ព្រះនាងលីវយី ឬព្រះនាងសោមា» ដែលជាព្រះមហាក្សត្រិយ៍ខ្មែរដំបូងគេបង្អស់សោយរាជ្យនៅ «នគរគោកធ្លក» និងជាព្រះអគ្គមហេសីរបស់ «ព្រះបាទហ៊ុនទៀន ឬព្រះបាទកៅណ្ឌិន្យ» ជាព្រះមហាក្សត្រសោយរាជ្យនៅ «នគរភ្នំ ឬនគរហ្វូណន» ដែលខ្មែរហៅថា នគរគោកធ្លកនោះឯង។
ពលរដ្ឋដែលប្រទះឃើញបដិមានេះដំបូងគេបង្អស់ គឺលោក ង៉ែត អូន បានថ្លែងថា កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ លោកបានត្រួសត្រាយព្រៃក្រោយផ្ទះដើម្បីដាំដំណាំ ស្រាប់តែប្រទះឃើញបដិមាថ្មមួយកប់នៅក្នុងដី ពេលនោះលោកក៏បានគាស់យកទៅប្រគល់ឱ្យប៉ុស្តិ៍នគបាលសំបួរ ដើម្បីថែរក្សាទុក។
អភិបាលស្រុកទ្រាំង លោក ឈួន ផាន់នី បានឱ្យដឹងថា បន្ទាប់ពីយកបដិមាខាងលើទៅរក្សាទុកនៅប៉ុស្តិ៍នគបាលសំបួរហើយ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធយកបដិមានេះ មកធ្វើពីបុណ្យតាមប្រពៃណីសាសនា ដើម្បីបន់ស្រន់សុំសេចក្ដីសុខ។ លោកបន្តថា នាថ្ងៃទី០៣ ខែកញ្ញានេះ ក្រុមមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ក៏បានទទួលយកបដិមាទៅតម្កល់ទុក នៅសារមន្ទីរខេត្តតាកែវផងដែរ។
ចំណែកឯលោកស្រី ព្រំ សុគន្ធារី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានថ្លែងថា បដិមានេះមិនមែនជាបដិមាព្រះនាងលីវយីដូចប្រជាពលរដ្ឋថានោះឡើយ តែជា «បដិមាព្រះវិស្ណុ» ទៅវិញទេ ដោយលោកស្រីបានអះអាងថា បដិមាខាងលើមានរូបរាងដូចទៅនឹងបដិមាព្រះវិស្ណុដ៏ធំមួយ ដែលត្រូវបានយកពីប្រាសាទភ្នំដា ទៅតម្កល់ទុកនៅសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ។
នេះជាការច្រឡំមួយរបស់លោកស្រីប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ ខណៈដែលលោកស្រីមិនបានឃើញបដិមានេះផ្ទាល់នៅនឹងកន្លែងផង ពោលបានឃើញតែតាមបណ្ដាញទំនាក់ទំនង ដែលលោកអនុប្រធានមន្ទីរខេត្តបានផ្ញើទៅលោកស្រីប៉ុណ្ណោះ។ ការឆ្លើយរបស់លោកស្រីប្រធានមន្ទីរ ហាក់បង្ហាញពីការមិនខ្វល់ខ្វាយ និងតាមយកព័ត៌មាននេះ ឲ្យច្បាស់ដើម្បីរាយការណ៍ទៅ ថ្នាក់ដឹកនាំនោះឡើយ ខណៈខ្លួនជាប្រធានមន្ទីរខាងផ្នែកវប្បធម៌របស់ជាតិប្រចាំខេត្តមួយទាំងមូល។
ជាការពិតណាស់ បដិមាអាទិទេពនេះមានរូបរាងជាភាវៈស្រីសុទ្ធសាធ ពោលគឺមិនមែនជាបដិមាព្រះវិស្ណុដែលជាព្រះអាទិទេពប្រុសនោះឡើយ គ្រាន់តែមានព្រហស្តបួនដូចព្រះវិស្ណុ និងមានមកុដរាងបំពង់ស្រដៀងនឹងមកុដព្រះវិស្ណុក្នុងសម័យដូចគ្នាប៉ុណ្ណោះ ប៉ុន្តែបដិមានេះមានដើមទ្រូងធំ និងត្រគាកសាយដូចភាវៈស្រីសុទ្ធសាធ ហើយមានការតុបតែងដោយសំពត់វែងថែមទៀតផង។
ការយល់ច្រឡំ និងចម្ងល់នេះ ត្រូវបានលោកសាស្ត្រាចារ្យ ចិន្ត ច័ន្ទរតនា ប្រធានមូលនិធិកេរតំណែលខ្មែរ និងជាអ្នកជំនាញបុរាណ និងប្រវត្តិសិល្បៈ បានស្រាយបំភ្លឺថា ជាក់ប្រាកដណាស់ បដិមាខាងលើនេះ មិនមែនជាបដិមាព្រះវិស្ណុឡើយ ពោលគឺជា «បដិមាព្រះនាងទុគ៌ា» ដែលជាព្រះអាទិទេពស្រីមួយអង្គមានឫទ្ធាអំណាចខ្លាំងក្លាក្នុងព្រហ្មញ្ញាសាសនា។
តាមការសង្កេត និងតាមរយៈការស្រាវជ្រាវជាយូរឆ្នាំមកហើយនោះ លោកបានបញ្ជាក់ថា បើមើលទៅតាមការរចនាលម្អរបស់បដិមាករសម័យនគរភ្នំ ដែលមានរាជធានីនៅអង្គរបុរី (សព្វថ្ងៃនៅខេត្តតាកែវ) បដិមានេះត្រូវបានកសាងឡើងប្រហែលនៅអំឡុងសតវត្សរ៍ទី៦ ឬទី៧។
ចំពោះលក្ខណៈសម្គាល់ដែលប្រាកដថា បដិមានេះ ជាបដិមាព្រះនាងទុគ៌ានោះ លោកសាស្ត្រាចារ្យ ណុប ច័ន្ទរតនា បានបង្ហាញថា ដោយសារបដិមាមានលម្អដោយសំពត់វែង ការឆ្លាក់ដើមទ្រូងជាភាវៈស្រី (មានសុដន់ធំ និងត្រគាកសាយ) មុខមាត់ជាភាវៈស្រីសុទ្ធសាធ។ មួយទៀតសោត បដិមាករសម័យមុនអង្គរតែងនិយមឆ្លាក់បដិមាព្រះទុគ៌ា ដោយឈរសម្ដែងឫទ្ធលើសត្វក្របីអសុរកាយឈ្មោះ «មហិង្សាសុរា» ដែលមានភាវៈជាអសុរកាយមួយកំណាត់ និងក្របីមួយកំណាត់ ព្រោះមានឪពុកជាយក្ស និងម្ដាយជាមនុស្សតែត្រូវបណ្ដាសាក្លាយជាសត្វក្របី)។ ប៉ុន្តែលោកសង្ស័យថា ប្រហែលជាបដិមាដែលប្រទះឃើញនោះត្រូវដាច់បាត់ពីបដិមាដើមហើយ ទើបបដិមាព្រះទុគ៌ាស្ថិតក្នុងសភាពដាច់ព្រះបាទទាំងពីរយ៉ាងដូច្នេះ៕