(ភ្នំពេញ)៖ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តារាជធានី-ខេត្ត កើតចេញពីការស្រឡាញ់ប្រជាពលរដ្ឋពិតៗ និងចង់ឃើញបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ មិនថាក្មេង ឬចាស់ ហើយការងារស្ម័គ្រចិត្តមួយនេះ ធ្វើឡើងដោយ មិនប្រកាន់និន្នាការនយោបាយឡើយ។
ការថ្លែងនេះ ធ្វើឡើងនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន៣៣៣នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅវត្តអង្គនាល ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ចំនួន៤,៦៣៥នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
លោក លេង ផាលី បានលើកឡើងថា «ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋខ្មែរដូចគ្នា ហើយបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ ហើយការងារស្ម័គ្រចិត្តមួយនេះធ្វើឡើងដោយ មិនប្រកាន់និន្នាការនយោបាយឡើយ»។
លោកបន្ថែមថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ កើតចេញពីក្រុមគ្រូពេទ្យជំនាញៗមកពីក្នុង និងក្រៅប្រទេស ដែលរួមសហការជាមួយនិសិត្ស នៅតាមបណ្តាសកលវិទ្យាល័យផ្សេងៗគ្នាមួយនេះ ធ្វើឡើងគឺដើម្បីចង់ឃើញបងប្អូន ប្រជាពលរដ្ឋទាំងអស់នោះ មានសុខភាពល្អតែប៉ុណ្ណោះ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។
ជាមួយគ្នាដែរ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏បានបង្ហាញអារម្មណ៍ត្រេកយ៉ាងខ្លាំង នៅពេលដែលបានឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ ព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃ ហើយថែមទាំងនៅជិតផ្ទះរបស់ពួកគាត់ទៀតផង។
អ្នកស្រី ឌឿ សុខុម មានវ័យជាង៥០ឆ្នាំ មានអាការៈឧស្សាហ៍ឈឺក្បាល វិលមុខ ថែមទាំងចុកចុងដង្ហើម បានបង្ហាញអារម្មណ៍ពិតថា អ្នកស្រីពិតជាអរគុណខ្លាំងណាស់ សម្រាប់ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេស ជាពិសេសនោះ គឺលោក ហ៊ុន ម៉ានី ដែលបានចាត់ចែកក្រុមការងារ មកពិនិត្យសុខភាពប្រជាពលរដ្ឋនៅតាមទីជនបទដូចជារូបគាត់។
អ្នកស្រីបានបញ្ជាក់បន្ថែមថា «នេះជាលើកទី១ហើយ ដែលភូមិខ្ញុំទទួលបានការពិនិត្យពីគ្រូពេទ្យ ដោយមិនគិតលុយ ហើយការអត់គិតលុយនឹងធ្វើឲ្យខ្ញុំ និងបងប្អូនដែលមានជំងឺនឹង ចំណេញយ៉ាងច្រើនដូចជា មិនចំណាយម៉ោងទៅណាឆ្ងាយ ហើយជាពិសេសនោះគឺចំណេញលុយនឹងតែម្តង»។
ពលរដ្ឋម្នាក់ទៀត ដែលរស់នៅឃុំចចិប លោក មឿន សំខាន់ បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនធ្លាប់មាន។ លោក សំខាន់ មានជំងឺរលាកក្រពះ ហើយរាល់ថ្ងៃអាការៈនេះ បានធ្វើទុកនៅក្នុងពោះបានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បានចុះមកព្យាបាលជំងឺ ដល់គាត់ក៏ដូចជាអ្នកភូមិឯទៀត។
លោកបន្ថែមថា «ខ្ញុំចំណេញលុយដោយសារតែ ក្រុមគ្រូពេទ្យចុះមកព្យាបាលជំងឺដោយមិនលុយ ហើយក៏មិនចំណាយពេលចុះទៅឆ្ងាយ ដូចរាល់ដងដែលនាំឲ្យខាតពេលវេលា ប៉ះពាល់ការងារ»។
ជាចុងក្រោយនោះ ពលរដ្ឋទាំង២រូប ដែលរស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្តែងការថ្លែងអំណរគុណ ដល់លោក ហ៊ុន ម៉ានី ដែលមានទឹកចិត្តសប្បុរសដោយបានបញ្ជូនក្រុមការងារគ្រូពេទ្យ មកព្យាបាល និងឲ្យថ្នាំពិសារមិនគិតប្រាក់ពីពួកគាត់ ជាងនេះទៅទៀតនោះពលរដ្ឋទាំង២រូបនោះ ក៏បានស្នើរដល់ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក លេង ផាលី ឲ្យឧស្សាហ៍ចុះមកព្យាបាលដល់ស្រុករបស់ពួកគាត់ ទៅតាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថារយៈពេល៦៩ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំ) ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥៩លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៣៥៤,១០៥នាក់ (សាមសិបប្រាំម៉ឺន បួនពាន់មួយរយប្រាំនាក់)។
តាមរបាយការណ៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបង្ហាញឲ្យដឹងថា ការពិនិត្យ និងព្យាបាលជូនប្រជាពរដ្ឋ នៅឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួមមាន៖ ជំងឺកុមារ១៧៥នាក់, ជំងឺស្រ្តី១០៥នាក់, ជំងឺផ្លូវចិត្ត៩៩នាក់, ជំងឺឫសដូងបាត១២០នាក់, ជំងឺសន្លាក់ឆ្អឹង១០០នាក់, ជំងឺរលាកសួត៩៩នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៨៨នាក់, ជំងឺភ្នែក៧៩នាក់, ជំងឺសើរស្បែក៨៩នាក់, ជំងឺទឹកនោមផ្អែ១១៧នាក់, ជំងឺមាត់ធ្មេញ៩៣នាក់, អេកូសាស្ត្រ១៥៤នាក់,ព្យាបាលរបួសនិងវះកាត់តូច៤៤ និងជំងឺទូទៅ៣២៧៣នាក់៕