(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ រួមដំណើរដោយប្រតិភូសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី បានចុះសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដែលប្រឈមនឹងជំងឺគ្រុនឈាម-គ្រុនចាញ់ ចំនួន ២៦៧គ្រួសារ ដែលរស់នៅស្រុកកំពង់លែង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីនេះរៀបចំឡើង នៅទីទួលសុវត្ថិភាពពីរកន្លែងផ្សេងគ្នា គឺទីតាំងទី១ នៅវត្តប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលមាប្រជាពលរដ្ឋទទួលអំណោយចំនួន ៦៨គ្រួសារ និងទីតាំងទី២ នៅវត្តទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ មានប្រជាពលរដ្ឋ ១៩៩គ្រួសារ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារថា សូមបងប្អូនត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗកុំឱ្យលង់ទឹក និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ។ ពេលទឹកស្រកទៅវិញ សូមសម្អាតបរិស្ថានឱ្យបានស្អាត បំបាត់ទឹកដក់ សំរាមស្អុយរលួយ ជៀសវាងការកើតជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗ និងនាំគ្នាឆាប់បង្កបង្កើនផល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ចំពោះអ្នកមានបញ្ហាសុខភាព ឬស្រីមានផ្ទៃពោះ ត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌលសុខភាព ដើម្បីព្យាបាល ឬសម្រាលកូនបានទាន់ពេលវេលា។
តាមរយៈក្រុមការងារប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ពេលដែលមានទុក្ខលំបាក ដោយមិនរើសអើងជាតិសាសន៍ ឬប្រកាន់និន្នាការនយោបាយឡើយ។
អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ មុងសុវត្ថិភាព១ អាវយ៉ឺត១ សារុង១ និងថវិកាចំនួន២ម៉ឺនរៀល ( មុងជាអំណោយសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី )។ ដោយឡែកសម្រាប់លោកយាយ លោកតាចំនួន ៤៩នាក់ ក្នុងម្នាក់ៗទទួលបានបន្ថែមនូវ ខោ ឬសំពត់សឹង១ និងអាវ ឬអាវប៉ាក់១ ជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃ នៅថ្ងៃនេះ ចំនួន២៦៧គ្រួសារ ដោយឡែកនៅសល់ចំនួន២៣៣គ្រួសារផ្សេងទៀត ប្រគល់ទុកជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នូវមុងចំនួន ១៨៦ និងអនុសាខា ស្រុកកំពង់លែង នូវមុងចំនួន ៤៧ សម្រាប់បន្តចែកជូនប្រជាពលរដ្ឋរងគ្រោះ នៅពេលខាងមុខនេះទៀត ៕