(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលស្វាគមន៍ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយការស្ពាយមកនូវកិត្តិយសដ៏ធំធេងសម្រាប់ជាតិមាតុភូមិមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំមកហើយនោះ។ ការទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឡើងនៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា លោក សាលីត អ៊ូមើត និងកញ្ញា ខាន់ ចេសា មិនបានធ្វើឲ្យការរង់ចាំរបស់សម្តេច និងជាតិខ្មែរទាំងមូលខកបំណងនោះឡើយ,
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កញ្ញា ស៊ន សៀវម៉ី, លោក សាលីត អ៊ូមើត និងកញ្ញា ខាន់ ចេសា បានបំបែកប្រវត្តិសាស្ត្រថ្មីបន្ទាប់ពីបានរង់ចាំអស់រយៈពេលជាង ៦០ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែននរណាក៏ចេះតែឲ្យគេសរសេរប្រវត្តិរបស់ខ្លួនបាននោះឡើយ ពោលវាស្ថិតនៅលើខ្លួនឯងផ្ទាល់តែម្តង។ ដូចជាកញ្ញា ស៊ន សៀវម៉ី លោក សាម៉ីត អ៊ូមើត និងកញ្ញា ខាន់ ចេសា ជាដើម ពួកគេបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ពួកគេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេល៦៤ឆ្នាំទម្រាំដណ្តើមបានមេដាយមាសនេះ គឺជាជោគជ័យខ្លាំងណាស់សម្រាប់កម្ពុជា។ សម្តេចតេជោ បន្តថា ជនបរទេសទាំងឡាយ ដែលបានជួយបណ្តុះបណ្តាលហ្វឹកហាត់កីឡាករ កីឡាការិនីដណ្តើមមេដាយមាសពីកីឡាអាស៊ីនេះ គឺជាការនាំមកនូវមោទនភាពជាតិកម្ពុជាទាំងមូល។
* សម្តេចតេជោ បន្ថែមថា បើទោះបីកម្ពុជាដណ្តើមមេដាយពីកីឡាអាស៊ី និងកីឡាក្នុងតំបន់ដទៃទៀត ប៉ុន្តែកីឡាអូឡាំពិកកម្ពុជាមិនទាន់ដណ្តើមបាននៅឡើយទេ។
* សម្តេចតេជោ ហ៊ុន សែន តាមរយៈកញ្ញា ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី បានថ្លែងអំណរគុណដល់អាណាព្យាបាលរបស់ពួកគេ ដែលបានអនុញ្ញាតឲ្យកញ្ញាមកជួយដណ្តើមមោទនភាពសម្រាប់ជាតិកម្ពុជា។ សម្តេចតេជោ រំពឹងថា កញ្ញា ខាន់ ចេសា នឹងបន្តចូលរួមប្រកួតក្នុងជាពលរដ្ឋកម្ពុជាទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិត្តិយសដែលដណ្តើមបាននេះមិនមែនត្រឹមតែជាកិត្តិយសរបស់លោក សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសា នោះទេ តែជាមោទនភាពរបស់ជាតិទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរំពឹងថា គណបក្សនយោបាយនានា នឹងមិនកំណាញ់ត្រឹមការអបអរសាទរចំពោះជោគជ័យរបស់កីឡាករ និងកីឡារិនីទាំងពីររូបនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ពីអតីតកាលគណបក្សនយោបាយប្រឆាំងរាជរដ្ឋាភិបាល គេមិនហ៊ានអបអរសាទរចំពោះជោគជ័យរបស់កីឡាករ កីឡាការិនីរបស់ខ្មែរនោះទេ ព្រោះគេខ្លាចលើកមុខលើកមាត់រាជរដ្ឋាភិបាលរបស់សម្តេច។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ក៏បានសម្តែងទឹកព្រះទ័យអបអរសាទរផងដែរចំពោះដំណឹងដ៏រីករាយនេះ។ សម្តេចតេជោ សង្ឃឹមថា ខ្មែរគ្រប់រូបនឹងមានមោទនភាពចំពោះជោគជ័យនេះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅដល់កីឡាករ កីឡាការិនី ដែលមិនទាន់ទទួលបានជ័យលាភីត្រូវបន្តប្រឹងប្រែងហ្វឹកហាត់បន្តទៅទៀត ហើយក្រសួងអប់រំ និងគណៈកម្មាធិការអូឡាំពិក ត្រូវខិតខំបន្តទៅទៀត ព្រោះការទទួលបានមេដាយនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចធុញទ្រាន់នឹងការប្រមាថមើលងាយរបស់បរទេសទាំងឡាយ ហើយសម្តេចបានគូសបញ្ជាក់ថា ពួកគេគ្រាន់តែមានវាសនាបានកើត នៅក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្តែមិនប្រាកដថាខួក្បាលឆ្លាតជាងសម្តេច និងពលរដ្ឋកម្ពុជានោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដើមអាណត្តិទី៥ រាជរដ្ឋាភិបាលរបស់សម្តេចដណ្តើមបានមេដាយមាសមួយគ្រឿងពីកីឡាកាអាស៊ី ដោយកញ្ញា ស៊ន សៀវម៉ី ហើយនៅចុង អាណត្តិដណ្តើមបានមេដាយមាសពីរគ្រឿងទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាជោគជ័យរបស់រាជរដ្ឋាភិបាល តាមរយៈនៃការប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ សម្តេចនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៃអាណត្តិទី៦ហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ដែលបានជួយសម្របសម្រួលដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាខ្មែរក្នុងការចូលរួមប្រកួតកីឡាអាស៊ីនៅឥណ្ឌូនេស៊ី។
* ក្រៅពីប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ៨០លានរៀលហើយនោះ កញ្ញា ខាន់ ចេសា ក៏ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេច ១០,០០០ដុល្លារផងដែរ។ ជាមួយគ្នានេះ គ្រូបង្វឹកទទួលបានប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ៨០លានរៀល និងប្រាក់ឧបត្ថម្ភដោយផ្ទាល់របស់សម្តេច ១ម៉ឺនដុល្លារផងដែរ។
* កីឡាករ សាលីត អ៊ូមើត ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល១០៤លានរៀល និងប្រាក់ឧបត្ថម្ភពីសម្តេច ១៣,០០០ដុល្លារ។ គ្រូបង្វឹកទទួលបានពីរាជរដ្ឋាភិបាល ៨០លានរៀល និងពីសម្តេច ១ម៉ឺនដុល្លារ។
* សម្តេចតេជោ បានលើកឡើងថា អាណត្តិថ្មីនឹងពិនិត្យលើការផ្តល់ប្រាក់រង្វាន់ដល់កីឡាករ កីឡាការិនី ដែលដណ្តើមបានជ័យលាភី។ តែសម្តេចបានសង្កត់ធ្ងន់ថា ប្រាក់រង្វាន់ជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់គឺការនាំកិត្តិយសសម្រាប់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនស្អប់អាមេរិកទេ តែសម្តេចស្អប់តែអ្នកបញ្ជូនទ័ពមកឈ្លានពានកម្ពុជាតែប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនប្រុសសម្តេចចំនួនពីររូប គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។ លោក ហ៊ុន ម៉ានី បញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកការពារជាតិ ហើយការសិក្សានេះគឺអាមេរិកជាអ្នកផ្តល់ឲ្យមិនមែនសម្តេចសុំនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចៅរបស់សម្តេចមួយមានសញ្ជាតិអាមេរិក ត្រូវបានផ្តាច់វិញហើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែង និងជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី នៅវេលាម៉ោង១៩៖២៣នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ របស់ទូរទស្សន៍ Fresh News៕