(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំសហការី បន្តចុះទៅប្រគល់ផ្ទះចំនួន០១ខ្នង ជូនដល់អតីតយុទ្ធជនពិការ ស្ថិតនៅភូមិឈូកខ្សាច់​ឃុំឈូកខ្សាច់​ស្រុកបារាយណ៍​ខេត្តកំពង់ធំ។

ផ្ទះថ្មីដែលទើបសាងសង់រួច និងប្រគល់ជូនគាត់នៅពេលនេះមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់ពីឈើជញ្ជាំង និងរនាបក្តារ ដំបូងស័ង្កសី ខ្ពស់ផុតពីដីដែលបានចំណាយថវិកា ក្នុងការសាងសង់អស់ទឹកប្រាក់៦,៨៧០,០០០​រៀល។

អតីតយុទ្ធជន​ឈ្មោះ ​ហ៊ន សា ​ឋានន្តរស័ក្ដិពលបាលឯក ​បានចូលរួមបម្រើក្នុងជួរកងទ័ព​នៅថ្ងៃទី១៥​ ខែឧសភា ឆ្នាំ១៩៨៩​ នៅអតីតអង្គភាពវរសេនាតូចលេខ៣០​ នៃយោធាខេត្តកំពង់ធំ។ លោកពលបាលឯក​ ហ៊ន សា ​បានរងរបួស​នៅសមរភូមិ​ពាមអាទិត្យ ឃុំសាគ្រាម​ស្រុកប្រាសាទបល្ល័ង្ក​នៅថ្ងៃទី២០​ ខែតុលា​ឆ្នាំ១៩៩៣​។

លោកពលបាលឯក ហ៊ន សា​អាយុ៤៥​ឆ្នាំ​មានភរិយាឈ្មោះ ឈិន ថីអាយុ៣៦​ឆ្នាំ មានកូនចំនួន២នាក់ នៅក្នុងបន្ទុក គ្រួសារអតីតយុទ្ធជនពិការនេះ​បានរស់នៅជ្រកកោនជាមួយបងប្អូនជិតខាង ដោយគាត់ពុំមានផ្ទះសម្បែងស្នាក់នៅឡើយ។

ក្នុងពិធីសំណេះសំណាល និងប្រគល់ផ្ទះថ្មីនេះ លោកនិងក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ​បាននាំយកមកនូវអំណោយ​របស់សម្ដេចតេជោ ហ៊ុន សែន ផ្តល់ជូនគាត់​បន្ថែមទៀតរួម​មាន អង្ករចំនួន៥០​គីឡូក្រាម, មីយើងចំនួន០២កេស, ទឹកទឹកត្រីទឹកស៊ីអ៊ីវ ចំនួន ០២ យួរ, មុងជ្រលក់ថ្នាំ​ចំនួន០២​ និងថវិកាចំនួន២២១,០០០​រៀល​ផងដែរ៕