(ចិន)៖ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចិនមួយដែរ ផ្នែកផលិតសម្លៀកបំពាក់ ដែលកំពុងកែសម្រួលផែនការអាជីវកម្ម នៅបរទេសរបស់ខ្លួន ដើម្បីរក្សាភាពមានប្រៀបរបស់ខ្លួនក្នុងទីផ្សារ ខណៈដែលចិន និងអាមេរិកកំពុងមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។
ក្រុមហ៊ុន ហរតរ ហ្គ្រុប (Hodo Group) ដែលស្ថិតនៅក្រុង អ៊ូស៊ី (Wuxi) ខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន ធ្លាប់តែលក់អាវបានរាប់រយលានអាវទៅអាមេរិក។ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន និយាយថា ក្រុមហ៊ុននេះ នៅមិនទាន់រងឥទ្ធិពលដោយផ្ទាល់ពីជម្លោះពាណិជ្ជកម្ម រវាងចិននិងអាមេរិកនោះទេ។ តែក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីទប់ទល់នឹងបញ្ហាដែលអាចកើតមានឡើង។
លោក ចូវ កាង អ្នកគ្រប់គ្រងផ្នែកអាជីវកម្មនៅបរទេស ក្រុមហ៊ុន ហរតរ ហ្គ្រុប និយាយថា «យើងមានបុគ្គលិកជាង១ពាន់នាក់ នៅផ្នែកដំឡើង។ ពួកគាត់ផលិតសម្លៀកបំពាក់ បានប្រហែល២ពាន់ឈុតក្នុងមួយថ្ងៃ ដោយអស់ពីលទ្ធភាពតែម្តង»។
ដោយថ្លៃពលកម្មកើនឡើង លោកចូវនិយាយថា ក្រុមហ៊ុនត្រូវតែត្រៀមខ្លួនសម្រាប់ករណីដែលយ៉ាប់យឺនបំផុត។
លោក ចូវ កាង និយាយថា «ប្រហែល៣៥ភាគរយនៃការនាំចេញរបស់យើង គឺត្រូវនាំចេញទៅអាមេរិក។ យើងបានវាយតម្លៃលើផែនការពង្រីកទីផ្សារ និងទំនាក់ទំនងដ៏យូរអង្វែងជាមួយអតិថិជនរបស់យើងរួចហើយ។ យើងនឹងបន្តដើរតាមផែនការរបស់យើងដដែល បើទោះជាមានជម្លោះពាណិជ្ជកម្មក្តី»។
ដើម្បីធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុន មានប្រៀបជាងផលិតផលដទៃ នៅលើទីផ្សារសកល ក្រុមហ៊ុនកំពុងយកចិត្តទុកដាក់កាន់ តែខ្លាំងទៅលើផ្នែករចនា។
អ្នកនាង ហ័រ មីនហួយ អ្នករចនាម៉ូត ក្រុមហ៊ុន ហរតរ ហ្គ្រុប និយាយថា «ការរចនាម៉ូតដែលល្អ ជួយបង្កើនតម្លៃបន្ថែមនៃផលិតផលរបស់យើង»។
អ្នកនាងហ័រទទួលស្គាល់ថា វាស៊ីពេលបន្តិចទម្រាំតែអ្នករចនាម៉ូតជនជាតិចិន អាចដើរឱ្យទាន់អ្នករចនាម៉ូតក្នុងពិភពលោក។
សម្រាប់ពេលនេះ ក្រុមហ៊ុនក៏កំពុងចាប់យកសក្តានុពល ដែលមាននៅក្នុងទីផ្សារក្នុងស្រុកផងដែរ ដោយប្រជាជននៅប្រទេសចិន កំពុងនិយមទិញ និងប្រើផលិតផលកាន់តែច្រើន មិនធ្លាប់មាននាពេលកន្លងមក។
សព្វថ្ងៃ អតិថិជនចិន មានកម្លាំងទិញទំនិញកាន់តែខ្លាំង ដោយសារតែចិនមានពលរដ្ឋ ដែលមានជីវភាពមធ្យមកាន់តែច្រើន។ ហើយពលរដ្ឋទាំងនេះ បានក្លាយជាអតិថិជនគោលដៅថ្មី សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្លាប់តែផលិតទំនិញ សម្រាប់នាំចេញទៅបរទេសសុទ្ធ នាពេលកន្លងមក៕ (សារព័ត៌មាន CCTV របស់ចិន)