(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ ហ្សាម៉ាន់ (Zaman) បានរៀបចំកម្មវិធី Open House ដែលសិស្សទើបចប់វិទ្យាល័យ អាចមកសួរនាំអំពីមុខវិជ្ជាសិក្សាផ្សេងៗដែលមាននៅហ្សាម៉ាន់។ ប្លែកពីឆ្នាំមុនៗ Open House ឆ្នាំនេះ ក្រៅតែពីមានអ្នកតំណាងពីហ្សាម៉ាន់ មកណែនាំពីការសិក្សា ក្នុងសាកលវិទ្យាល័យហើយនោះ ក៏មានអ្នកតំណាងពីសាកលវិទ្យាល័យ RMIT ដែលលោកបានធ្វើបទបង្ហាញអំពីកម្មវិធី RMIT Foundation ដែលនិស្សិតខ្មែរ អាចទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ពីប្រទេសអូស្ត្រាលី ដោយសិក្សានៅសាកលវិទ្យាល័យហ្សាម៉ាន់មួយឆ្នាំ និងផ្លាស់ទៅរៀន នៅប្រទេសអូស្ត្រាលីនៅឆ្នាំបន្ទាប់, ដូច្នេះ និស្សិតអាចទទួលបានសិទ្ធចូលរៀន នៅ សាកលវិទ្យាល័យ RMIT ដោយស្វ័យប្រវត្តិ និងមិនចាំបាច់ចំណាយថវិការៀននៅអូស្ត្រាលី៤ឆ្នាំពេញ។
សាកលវិទ្យាល័យហ្សាម៉ាន់ មានមុខវិជ្ជាសិក្សាចំនួន ១១ដូចជា៖
១/. មុខវិជ្ជា គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information Systems) ជាមុខវិជ្ជា ដែលច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងរបៀបគ្រប់គ្រងពាណិជ្ជកម្ម។ កម្មវិធីនេះ ផ្ដល់ដល់និស្សិតនូវចំណេះដឹង អំពី របៀបគ្រប់គ្រង ព័ត៌មានវិទ្យាផង ជំនាញក្នុងការរៀបចំ និងដំណើរការអាជីវកម្មផង។ និស្សិត ដែលរៀនចប់មុខវិជ្ជានេះ អាចយកចំណេះជំនាញផ្នែកបច្ចេកវិទ្យាដែលខ្លួនបានរៀន ទៅបង្កើតជាអាជីវកម្ម ឬប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ នៅក្នុងស្ថាប័នឯកជន និងសាធារណៈ។
២/.ជំនាញវិស្វកម្មស្ថាបត្យកម្ម (Architecture Engineering) ផ្ដល់ការអប់រំដល់និស្សិតពាក់ព័ន្ធនឹងវិស្វកម្ម នៅក្នុងសំណង់។ និស្សិតដែលសិក្សាជំនាញនេះ ដឹងពីរបៀបរចនាប្លង់អាគារ ឬសំណង់ ដែលមានសុវត្ថិភាពខ្ពស់ និងចំណាយក្នុងការសាងសង់តិច។ មិនដូចជាស្ថាបត្យករ ដែលផ្ដោតសំខាន់លើសោភ័ណ្ឌភាពរបស់សំណង់ វិស្វករស្ថាបត្យកម្ម ផ្ដោតសំខាន់លើភាពធន់របស់សំណង់។ វិស្វករស្ថាបត្យកម្ម មានតួនាទីធ្វើឱ្យប្រាកដថា អាគារដែលកំពុងត្រូវបានសាងសង់ អាចបំពេញមុខងាររបស់ខ្លួន ដូចដែលបានគ្រោងទុក និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ និស្សិតផ្នែកនេះ អាចធ្វើការលើគម្រោងសំណង់ថ្មីៗ ឬជួសជុលសំណង់ចាស់ៗ។
៣/. ជំនាញភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ (International Trade and Logistics) ជួយបណ្ដុះអ្នកឯកទេសផ្នែកពាណិជ្ជកម្មអន្តរជាតិ និងភ័ស្តុភារ តាមរយៈការបង្រៀនពីទ្រឹស្ដី ការអនុវត្ត ក៏ដូចជាការសិក្សាស្រាវជ្រាវថ្មីៗ ទាក់ទងនឹងផ្នែកភ័ស្តុភារ និងផ្នែកពាណិជ្ជកម្មអន្តរជាតិ នេះឯង។ ក្រោយបញ្ចប់ការសិក្សា និស្សិតអាចក្លាយជាអ្នកជំនាញផ្នែកពន្ធគយ អ្នកប្រឹក្សាផ្នែកគោលនយោបាយពាណិជ្ជកម្ម អ្នកចាត់ចែងផ្នែកហិរញ្ញវត្ថុ អ្នកផ្ដល់សេវាកម្មផ្នែកភ័ស្តុភារ ឬជាបុគ្គលិកនៅក្នុងក្រុមហ៊ុនដឹងជញ្ជូននានា។
៤/. វិស្វកម្មឧស្សាហកម្ម (Industrial Engineering) ជាមុខជំនាញដែលរួមបញ្ចូលគ្នានូវកម្មវិធីសិក្សាផ្នែកវិស្វកម្ម ព័ត៌មានវិទ្យា និងពាណិជ្ជកម្ម។ វិស្វករឧស្សាហកម្ម មានតួនាទីសំខាន់នៅតាមបណ្ដាសហគ្រាស ក្រុមហ៊ុន សាជីវកម្ម និងស្ថាប័ននានា ក្នុងការសម្រេចឲ្យបាននូវប្រតិបត្តិការ ឬសង្វាក់ផលិតកម្មមួយ ដោយរលូន មិនស្មុគស្មាញ និងទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ (កាត់បន្ថយពេលវេលា និងធនធាន ដែលត្រូវប្រើប្រាស់)។ វិស្វករឧស្សាហកម្ម អាចបម្រើការងារ ក្នុងគ្រប់ស្ថាប័ន ដូចជារោងចក្រ សហគ្រាស អាកាសយានដ្ឋាន មន្ទីរពេទ្យ និងក្រុមហ៊ុនសាជីវកម្មធំៗ ឬក៏អាចធ្វើជាអ្នកប្រឹក្សាឲ្យស្ថាប័នទាំងនោះ។
៥/. និស្សិត ដែលសិក្សាពីជំនាញគ្រប់គ្រងសំណង់ (Construction Management) នឹងដឹងអំពីរបៀបរៀបចំ និងគ្រប់គ្រងដំណាក់ការផ្សេងៗ ក្នុងការសាងសង់សំណង់មួយ។ និស្សិតអាចក្លាយជាអ្នកគ្រប់គ្រងផ្នែកសាងសង់ ដែលតួនាទីនេះ ជាតួនាទីស្នូល ក្នុងដំណើរការនៃការសាងសង់។ អ្នកគ្រប់គ្រង់ការសាងសង់ ចាំបាច់ត្រូវមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈ ទាក់ទងនឹងបច្ចេកទេស សម្ភារៈ ផែនការការងារ ការគ្រប់គ្រងថ្លៃចំណាយ សម្រាប់ការសាងសង់សំណង់និមួយៗ។ អ្នកជំនាញផ្នែកគ្រប់គ្រងសំណង់ ក៏អាចធ្វើជា building control surveyors, building services engineers, building surveyors, facilities managers, quantity surveyors និង site engineers បានផងដែរ។
៦/. ធនាគារ និងហិរញ្ញវត្ថុ (Banking and Finance ) ជាមុខជំនាញសិក្សា ដែលជួយនិស្សិតឱ្យដឹងអំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងចំណេះដឹងផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ។ ជំនាញនេះពេញនិយម ដោយសារវិស័យធនាគារ ហិរញ្ញវត្ថុ ការបណ្ដាក់ទុន និងការគ្រប់គ្រងជាដើម ត្រូវការនិស្សិតដែលរៀនចប់ពីជំនាញនេះ។
៧/. ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ជាជំនាញពេញនិយម សម្រាប់និស្សិត ដែលចង់ចូលបម្រើការងារ នៅតាមក្រុមហ៊ុន ឬក្លាយជាសហគ្រិន ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ក្រោយបញ្ចប់ការសិក្សា និស្សិតអាចក្លាយទៅជាទីប្រឹក្សាផ្នែកជំនួញ អ្នកគ្រប់គ្រងទូទៅ អ្នកស្រាវជ្រាវផ្នែកទីផ្សារ អ្នកជំនាញផ្នែកធនធានមនុស្ស និងអ្នកជំនួញជាដើម។
៨/. នៅសាកលវិទ្យាល័យហ្សាម៉ាន់ និស្សិតក៏អាចទទួលបានសញ្ញាបត្រផ្នែក វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ (International Relations & Political Science) ផងដែរ។ ក្នុងជំនាញនេះ និស្សិតត្រូវសិក្សាមុខវិជ្ជាផ្សេងៗ ទាក់ទងនឹងទ្រឹស្ដីនយោបាយដឹកនាំរដ្ឋ អភិបាលកិច្ច វិស័យការទូត សេដ្ឋកិច្ចអន្តរជាតិ ជាដើម។ និស្សិតដែលបញ្ចប់មុខវិជ្ជាសិក្សានេះ អាចចាប់អាជីពជាមន្ត្រីការទូត ធ្វើការនៅក្នុងក្រសួងការបរទេស ឬធ្វើការផ្នែកសហប្រតិបត្តិការអន្តរជាតិ តាមស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាដើម។
៩/. មុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ជួយនិស្សិតឱ្យទទួលបានជំនាញបច្ចេកទេស ក្នុងការកំណត់ វាយតម្លៃ និងរចនាប្រព័ន្ធកុំព្យូទ័រ។ និស្សិតដែលមានជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ក៏អាចផ្ដល់ជាយោបល់ផ្នែកបច្ចេកទេស និងរបៀបប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដល់ក្រុមហ៊ុនសហគ្រាសដែរ។ ក្រោយបញ្ចប់ការសិក្សា និស្សិតអាចក្លាយជា អ្នកគ្រប់គ្រងប្រព័ន្ធទិន្នន័យ អ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពរបស់ប្រព័ន្ធព័ត៌មានវិទ្យា អ្នកជំនាញផ្នែកហ្គេមកុំព្យូទ័រ ឬមន្ត្រីបម្រើការក្នុងរដ្ឋាភិបាល។
១០/. ជំនាញស្ថាបត្យកម្ម (Architecture) អាចជួយឱ្យនិស្សិតច្នែបង្កើតបរិស្ថានសំណង់ ដែលមានគុណភាព និងផ្ដល់សុខមាលភាពដល់អ្នករស់នៅ ឬអ្នកប្រើប្រាស់។ ការសិក្សាផ្នែកស្ថាបត្យកម្មនេះ ផ្ដល់នូវជំនាញក្នុងការបង្កើតជាជម្រក សម្រាប់រស់នៅ សម្រាប់ការពារភ្លៀងខ្យល់ និងបង្កើតជាទីតាំងសម្រាប់សកម្មភាពផ្សេងៗដូចជាសកម្មភាពកម្សាន្ត និងសកម្មភាពសហគមន៍ជាដើម។ ជាមួយនឹងចំណេះដឹងផ្នែកស្ថាបត្យកម្ម និស្សិត អាចក្លាយជាស្ថាបត្យករ អ្នកបច្ចេកវិទ្យាផ្នែកស្ថាបត្យកម្ម ឬក្លាយជាអ្នករចនាម៉ូដសំណង់។
១១/. វិស្វកម្មសំណង់ស៊ីវិល (Civil Engineering ) ផ្ដោតលើការររចនា និងការសង់សំណង់ ដូចជាអាគារដែលយើងរស់នៅ ផ្លូវដែលយើងធ្វើដំណើរ ស្ពាន ផ្លូវក្រោមដី ឬទំនប់វារីអគ្គិសនី។ និស្សិតផ្នែកសំណង់ស៊ីវិលអាចក្លាយទៅជា អ្នកម៉ៅការសំណង់ អ្នកប្រឹក្សាផ្នែកសំណង់ និងមន្ត្រីក្នុងជួររដ្ឋាភិបាល ៕