(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំង ពាក់ព័ន្ធក្រោមឱវាទ ចុះចែកស្រូវពូជជូនពលរដ្ឋដែលរងផលប៉ះពាល់ដំណាំស្រូវ ក្នុងជំនន់ទឹកភ្លៀងកន្លងមកចំនួន៦១៩គ្រួសារ មកពីស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកដងទង់ ដើម្បីយកទៅបង្កបង្កើនផលឡើងវិញ។
ឆ្លៀតក្នុងឱកាសនោះលោក ជាវ តាយ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋមានវត្តមានអញ្ជើញមកចូលរួម ទទួលស្រូវពូជនៅថ្ងៃនេះ ដែលរងនូវផល ប៉ះពាល់ខូចខាតដំណាំស្រូវ និងដំណាំផ្សេងៗ ក្នុងស្ថានភាពគ្រោះជំនន់ទឹកភ្លៀងថ្មីៗកន្លងមក។ ហើយប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន តែងតែមានការខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនពលរដ្ឋជានិច្ចជាពិសេសក្នុងគ្រោះទឹកជំនន់កន្លងទៅ សម្តេចតេជោ បានបញ្ជា ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងកងកម្លាំងទាំង៣ប្រភេទ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីជួយសង្គ្រោះដល់ប្រជាជនយើង។
លោកបានបន្តថា ដោយឡែកសម្រាប់ខេត្តកំពត ក្នុងនាមរដ្ឋបាលខេត្ត ដោយអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះរូបលោកតែងតែគិតគូរពីសុខទុក្ខជានិច្ចរបស់ប្រជាពលរដ្ឋមិនថា តែពេលមានគ្រោះទឹកជំនន់នោះទេ បានន័យថាគ្រប់ទុកធុរៈទាំងអស់ គឺស្ថិតនៅជាមួយប្រជាពលរដ្ឋរហូត។ ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរ ឱ្យប្រជាពលរដ្ឋដែលទទួលបានស្រូវពូជនៅពេលនេះ ត្រូវប្រញាប់ប្រញាល់យកទៅសាបព្រោះឡើងវិញ ហើយត្រូវតែខិតខំដាំដំណាំ រួមផ្សំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។
តាមរបាយការណ៍លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា ស្រូវពូជដែលនាំយកមកចែកជូន ប្រជាពលរដ្ឋនៅថ្ងៃនេះ ជាប្រភេទស្រូវសែនក្រអូប សរុប១៦តោន ក្នុង៦១៩គ្រួសារ។ សម្រាប់គ្រួសារនីមួយៗ ទទួលបានប្រមាណ ២៥គីឡូក្រាម លើផ្ទៃដីដែលខូចខាតផ្នែកដំណាំស្រូវ ចំនួន២២៥ហិកតា ក្នុងចំនួន៥ឃុំ មកពីស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកដងទង់៕