(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន កងកម្លំាងសមត្ថកិច្ច មន្រ្តីជំនាញ សហការគ្នាក្នុងការចាត់វិធានការចំពោះបទល្មើសនានា ក្នុងវិស័យរបស់ខ្លួន ជាពិសេសពាក់ នឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បទល្មើសព្រៃឈើ ជលផល និងដីធ្លី ដែលកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសនេះដែរលោកបន្តថា បញ្ហារថយន្តកែច្នែខុសលក្ខណៈបច្ចេកទេស ធ្វើចរាចរនៅលើដងផ្លូវជាតិលេខ៦ មានការកាត់បន្ថយច្រើន ដូច្នេះ សូមក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំចូលរួមធ្វើសកម្មភាពរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដូចភ្លៀងរលឹមបន្តទៀត ដោយអនុវត្តទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ ចំពោះរថយន្តដឹកទំនិញសំពីងសំពោង និងដឹកអ្នកដំណើរលើសចំណុះ ការបើកបរលើសល្បឿនកំណត់ មានជាតិស្រវឹង មានសារធាតុញៀន បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស ដែលជាមូលហេតុចម្បងនាំឱ្យកើតមានគ្រោះថ្នាក់ ធ្វើឱ្យបាត់បង់អាយុជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ព្រមទាំងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាដើម។
ជាមួយគ្នានោះលោក ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងកងកម្លំាងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំការពារដំណើរការ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី០៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកដោយភាពរលូន ទទួលបានលទ្ធផលល្អ និងមានចំនួនប្រជាជន ដែលបានទៅចូលរួមបោះឆ្នោតទូទាំងប្រទេសមានចំនួន៨៣,០២% ដោយឡែកនៅក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត មានចំនួន៨០,៩៩% ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ចំនួន៦៨.៦០% ដែលជាចំនួនអ្នកគាំទ្រដ៏ច្រើនលើសលប់សម្រាប់ខេត្តកំពង់ធំ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ឲ្យអភិបាលក្រុងស្រុក និងមន្ទីជំនាញពាក់ព័ន្ធ ត្រូវខិតខំការពារធនធានធម្មជាតិ មានព្រៃឈើ ធនធានជលផល និងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃនានា ឱ្យមានប្រសិទ្ធិភាព និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ក៏ត្រូវខិតខំបម្រើសេវាសាធារណៈ (ទាំងសេវាតម្រូវការ និងសេវាសំណូមពរ) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានប្រសើរឡើងថែមទៀត ព្រោះយើងជាមន្ត្រីបម្រើប្រជារាស្ត្រ មិនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ៕