(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានស្នើសុំឱ្យមានការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ ចំពោះបញ្ហាផ្លូវលំខូច ជួសជុលមិនទាន់ពេលវេលា ដោយសារភ្លៀងធ្លាក់ជាប់ៗ គ្នារយៈពេលជាងពីរខែកន្លងមកនេះ ខណៈដែលគ្រឿងចក្ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានត្រៀមរួចជាស្រេចក្នុងការជួសជុល និងស្ថាបនាផ្លូវដែលខូចខាតទាំងនោះ ក្រោយពីមេឃរាំងភ្លៀង។
ការស្នើសុំដូចនេះរបស់លោក ថង សាវុន បានធ្វើឡើងនាថ្ងៃទី២ ខែកញ្ញា ម្សិលមិញ ក្នុងឱកាសដែលលោកអមដំណើរ ដោយថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រ ទៅជួសជុលផ្លូវ១ខ្សែ ស្ថិតក្នុងស្រុកតាវែង ដើម្បីជួយសម្រួលការ ធ្វើដំណើរដល់ប្រជាពលរដ្ឋក្នុងរដូវវស្សានេះ។
លោកអភិបាលខេត្ត ក៏បានប្រាប់ដល់ថ្នាក់ដឹកនាំមន្ទីរសាធារណការខេត្តឱ្យពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ អំពីគម្រោងសាងសង់ផ្លូវ គ្រួសក្រហម ឱ្យទៅជាផ្លូវថ្នល់កៅស៊ូ១ខ្សែ ពីទីរួមខេត្តទៅស្រុកតាវែង ធ្វើយ៉ាងឱ្យមានគុណភាព និងស្របតាមបទដ្ឋានបច្ចេកទេស ខណៈដែលផ្លូវ១ខ្សែនេះ បានរងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀងធ្លាក់ មកជារៀងរាល់ថ្ងៃអស់រយៈពេលជិត៣ខែមកនោះ។
លោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញានេះថា ខណៈដែលមេឃនៅតែបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃ អស់រយៈពេលជិត ៣ខែមកនេះ បានបង្កអោយផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហមក្នុងខេត្តរងការខូចខាតអស់មួយចំនួន ខណៈដែលមន្រ្តីជំនាញមន្ទីរ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួសជុល ថែទាំ និងជួសជុលផ្លូវដែលរងការខូចខាតទាំងនោះ បន្ទាប់ពីមេឃរាំងភ្លៀង។
ប្រធានមន្ទីរសាធារណការខេត្តរូបនេះ បានអោយដឹងទៀតថា ខណៈដែលមេឃនៅតែបន្តធ្លាក់ភ្លៀងដូច្នេះ មន្រ្តីជំនាញមន្ទីរ ពុំអាចធ្វើការជួសជុល រឺក៏ស្ថាបនាផ្លូវដែលខូចទាំងនោះក្នុងអំឡុងពេលមេឃកំពុងធ្លាក់ភ្លៀងដូចនេះនោះទេ បានត្រឹមតែជួយសម្រួលឈូសឆាយអាចម៍ដីស្អុយចេញ និងចាក់បន្ថែមនូវកម្ទេចថ្មតូចៗ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋជាបណ្តោះអាសន្នតែប៉ុណ្ណោះ ។
បន្ថែមពីនេះ លោក ស៊ុន ប៉ូលីន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ សុំឱ្យមានការយោគយល់ចំពោះបញ្ហាផ្លូវខូចមួយ ចំនួនក្នុងខេត្តដោយសារជំនន់ទឹកភ្លៀង ដោយលោកប្រាប់ថាក្រោយមេឃរាំងភ្លៀង មន្រ្តីជំនាញរបស់មន្ទីរ សាធារណការខេត្ត នឹងចាប់ផ្តើមជួសជុល និងស្ថាបនាឡើងវិញ នូវផ្លូវខូចខាតទាំងនោះ ដោយផ្លូវខ្លះដែលជាផ្លូវគ្រួសក្រហមនឹងត្រូវស្ថាបនាជាផ្លូវកៅស៊ូ ខណៈដែលបច្ចុប្បន្ននេះ មន្រ្តីជំនាញមន្ទីរ បាននឹងកំពុងធ្វើការជួសជុលផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ហើយនោះ។
យោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេលដែលមេឃ នៅតែបន្តធ្លាក់ភ្លៀង ជារៀងរាល់ថ្ងៃអស់រយៈពេលជិត៣ខែមកនេះ បានបង្កឲ្យផ្លូវក្នុងខេត្តរតនគិរី រងនូវការខូចខាតរួមមាន៖
១៖ ផ្លូវជាតិលេខ៧៦ ជាផ្លូវក្រាលកៅស៊ូ DBST ស្ថិតក្នុងស្រុកលំផាត់ មានការខូចខាតធ្ងន់ធ្ងរដោយសារទឹកភ្លៀងធ្លាក់ជាប់រយៈពេល៣ខែ មានប្រវែង ២,៥គីឡូម៉ែត្រ តែមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានធ្វើការជួសជុលរួចរាល់បាន២គីឡូម៉ែត្រ និងកំពុងធ្វើការជួសជុលបន្ត។
២៖ផ្លូវជាតិលេខ៧៦ ជាផ្លូវក្រាលកៅស៊ូ AC និងDBST ស្ថិតក្នុងស្រុកអូរយ៉ាដាវ មានការខូចខាតធ្ងន់ធ្ងរដោយសារទឹកភ្លៀងធ្លាក់ ជាប់រយៈពេល៣ខែ មានប្រវែង១,៥គីឡូម៉ែត្រ តែមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលរួចរាល់បាន១គីឡូម៉ែត្រ និងកំពុងធ្វើការជួសជុលបន្ត។
៣៖ ផ្លូវខេត្តលេខ៣៧៨៥ ជាផ្លូវក្រាលក្រួសក្រហម ស្ថិតក្នុងស្រុកវ៉ឺនសៃ មានការខូចខាតធ្ងន់ធ្ងរដោយសារទឹកភ្លៀងធ្លាក់ជាប់រយៈពេល៣ខែ មានប្រវែង៨គីឡូម៉ែត្រ តែមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលរួចរាល់បាន១គីឡូម៉ែត្រ និងកំពុងធ្វើការជួសជុលបន្ត។
៤៖ ផ្លូវខេត្តលេខ៣RK១ ជាផ្លូវក្រាលក្រួសក្រហម ស្ថិតក្នុងស្រុកតាវែង មានការខូចខាតធ្ងន់ធ្ងរដោយសារទឹកភ្លៀងធ្លាក់ជាប់រយៈពេល៣ខែ មានប្រវែង ៧គីឡូម៉ែត្រតែមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលរួចរាល់បាន២គីឡូម៉ែត្រ និងកំពុងធ្វើការជួសជុលបន្ត៕