(ពោធិ៍សាត់)៖ កាលពីពេលថ្មីៗនេះ លោក លឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង និងសហការី បានចុះទៅបង្ក្រាបបទល្មើសនេសាទ នៅចំណុចសហគមន៍នេសាទស្រីចឹក ស្ថិតក្នុងភូមិសាស្ត្រឃុំកោះក្អែក និងព្រែកត្របែក ស្ថិតក្នុងឃុំរាំងទិល និងឃុំកញ្ជ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តែតាមសេចក្តីរាយការណ៍ និងព័ត៌មានគួរឲ្យទុកចិត្ត បានលួចប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងទៅបង្ក្រាបបទល្មើសនេសាទ «ប» ព្រោះតែម្ចាស់ «ប» មិនព្រមបង់ប្រាក់តាមការស្នើសុំ និងការកំណត់របស់លោក៨លានរៀល។
គេរាយការណ៍ថា លោក លឹម សុក្រឹត តែងតែចុះទៅឃ្លាំមើលបទល្មើសនេសាទ ហើយលើកដំបូង លោកបង្គាប់ឲ្យម្ចាស់បទល្មើសនេសាទបង់ប្រាក់ បើមិនត្រូវថ្លៃគ្នាទេ លោកនឹងត្រូវបង្ក្រាបតែម្តង។
បទល្មើសនេសាទច្រើនគគោក ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្តៀង សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោក លឹម សុក្រឹត។ ជាក់ស្តែងការបង្ក្រាបបទល្មើស «ប» ខាងលើ គឺក្រុមការងាររបស់លោក លឹម សុក្រឹត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ បានចុះទៅពិនិត្យឃើញបទល្មើស ហើយក៏បានកោះហៅម្ចាស់ «ប» មកទារប្រាក់។
ការចរចារហូតដល់ថ្ងៃទី២៩ ខែសីហា ក្រុមលោក លឹម សុក្រឹត កំណត់ឲ្យបង់ប្រាក់៨លានរៀល ប៉ុន្តែភាគីខាងអ្នកនេសាទល្មើស ស្នើសុំបង់ត្រឹម៧លានរៀល ដោយកំណត់បង់នៅថ្ងៃទី៣ ខែកញ្ញា។ ការមិនត្រូវថ្លៃគ្នានេះ ទើបធ្វើឲ្យលោក លឹម សុក្រឹត ក្តៅក្រហាយដឹកនាំកម្លាំងបំផ្លាញ «ប» ចម្ងាយ៤គីឡូម៉ែត្រ។ «ប» ដែលនៅសេសសល់ លោកបានបញ្ជាឲ្យម្ចាស់កម្ទេចដោយខ្លួនឯង។ ប្រសិនបើមិនព្រមកម្ទេច ត្រូវចាប់ម្ចាស់ «ប» បញ្ជូនឡើងតុលាការ។
អ្នកនេសាទនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា តាំងពីលោក លឹម សុក្រឹត តែងតាំងជានាយសង្កាត់រដ្ឋបាលជលផលកណ្តៀង លោកមិនដែលបានបង្ក្រាបបទល្មើសដោយសុច្ចរិតម្តងណាឡើយ។
ក្រុមអ្នកនេសាទដែលមិនបង់ប្រាក់ឲ្យលោក គឺជាមុខសញ្ញាដែលត្រូវបង្ក្រាបមុនគេ។ នៅពេលដែលមានការបង្ក្រាបមួយកន្លែងហើយនោះ អ្នកនេសាទល្មើសដទៃទៀត មុខជារត់ទៅរកលោក លឹម សុក្រឹត ដោយស្វ័យប្រវត្តិ។ បទល្មើសនេសាទច្រើនគគោក គឺជាប្រភពចំណូលដ៏សំខាន់របស់លោក លឹម សុក្រឹត។ កម្លាំងរបស់លោក លឹម សុក្រឹត បានល្បាតគ្រប់ទីកន្លែង ប៉ុន្តែមិនមែនដើម្បីបង្ក្រាបនោះទេ ផ្ទុយទៅវិញ គឺដើម្បីឲ្យអ្នកនេសាទល្មើសច្បាប់បង់ប្រាក់ឲ្យពួកខ្លួនតែប៉ុណ្ណោះ។ គេរំពឹងថា ថ្នាក់ដឹកនាំក្រសួងកសិកម្ម នឹងពិនិត្យមើលករណីមន្ត្រីពុករលួយ តួយ៉ាងដូចលោក លឹម សុក្រឹតនេះផង៕