(ភ្នំពេញ)៖ លោករដ្ឋមន្រ្តី វេង សាខុន នៅរសៀលថ្ងៃទី០៣ ខែកញ្ញានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១ ក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្មកំពង់ចាម ដែលនឹងត្រូវត្រៀមខ្លួនចេញទៅបំពេញកម្មសិក្សា នៅប្រទេសអ៊ីស្រាអែលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នាពេលឆាប់ៗខាងមុខនេះ។
លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹង ពីគោលបំណងសំខាន់នៃកម្មសិក្សានេះ គឺដើម្បីផ្តល់ឱកាសឲ្យនិស្សិតធ្វើការផ្លាស់ប្តូរបទពិសោធន៍ សិក្សារៀនសូត្រនៅក្នុងសាលាជាមួយសាស្រ្តាចារ្យបរទេស បានអនុវត្តនៅក្នុងកសិដ្ឋាន និងក្នុងខ្សែសង្វាក់ផលិតកម្មផ្ទាល់ ហើយសកម្មភាពទាំងអស់នេះ គឺជាបទពិសោន៍យ៉ាងច្បាស់លាស់មួយ សម្រាប់ជាដើមទុនដ៏មានតម្លៃក្រោយពេលបញ្ចប់កម្មសិក្សានេះ។
តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយក្រុមហ៊ុនសិក្សាកសិកម្ម Agro-studies ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្មទាំងពីរ បានបញ្ជូននិស្សិតឆ្នាំទី៣ ដែលកំពុងសិក្សាឲ្យទៅចូលរួមធ្វើកម្មសិក្សារយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល ចាប់ពីឆ្នាំ២០០៨ មានរយៈពេល១១ឆ្នាំ និងមាននិស្សិតចូលរួមសរុបចំនួន ៦៨០នាក់។ សម្រាប់ឆ្នាំ២០១៨ មាននិស្សិតចំនួន២១០នាក់ ស្រី៣៧នាក់ ក្នុងនោះមាននិស្សិតសាលាជាតិកសិកម្មព្រែកលៀប១០នាក់ សាលាជាតិកសិកម្មកំពង់ចាម ១០នាក់ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម១៩០នាក់។
លោករដ្ឋមន្រ្តីបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ២១០នាក់ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ នៃស្ថាប័នការសិក្សាទាំងបី ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន យ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបណ្តុះ បណ្តាលចំណេះដឹងដល់ក្មួយៗនិស្សិត ដើម្បីឲ្យក្លាយទៅជាធនធានមនុស្សមួយដ៏ល្អប្រសើរ សម្រាប់ចូលរួមចំណែកអភិវឌ្ឍ វិស័យកសិកម្មឲ្យមានការរីកចម្រើនស្រប តាមការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងនៅពេលអនាគត។
លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីឈានទៅធ្វើទំនើបកម្មវិស័យកសិកម្ម ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ភាពប្រកួតប្រជែងក្នុងតំបន់និងលើសាកលលោក ប្រាកដណាស់ គឺត្រូវទាមទារនូវការធ្វើសមាហរណកម្មបច្ចេកទេស និងនវានុវត្តន៍ថ្មីៗ ក៏ដូចជាការប្រើប្រាស់ធាតុចូល កសិកម្មតាមបច្ចេកទេសសមស្រប និងចាំបាច់ គឺត្រូវអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពលសម្រាប់ ជាមគ្គុទេ្ទសក៍ដ៏ប៉ិនប្រសព្វ សម្រាប់ជាស្ពានចម្លងឲ្យកសិករ សហគមន៍ ព្រមទាំងវិស័យឯកជនទទួលបាន និងប្រើប្រាស់បច្ចេក ទេសថ្មីៗប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផលខ្ពស់ ប្រយោជន៍ដល់ការជួយទ្រទ្រង់ចំណូលក្នុងគ្រួសារ រក្សាកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសយើងអាចឈាន ទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី គឺចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
និស្សិតទាំង ២១០នាក់នេះ គឺជានិស្សិតជ័យលាភីដែល បានមកដោយធ្វើការជ្រើសរើស និងធ្វើតែស្តពីសមត្ថភាពយ៉ាងត្រឹមត្រូវ រួចយកតែនិស្សិតស្ម័គ្រចិត្ត។ ដូច្នេះ ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោកបានក្រើនរំលឹកដល់ក្មួយៗនិស្សិត នូវមេរៀនល្អៗដែលអាចត្រងត្រាប់ យកទៅប្រតិបត្តិតាមមាគារ ដ៏ត្រឹមត្រូវមួយដែល លោករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងធ្លាប់បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន រហូតសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងឆាកជីវិតទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
មេរៀនល្អៗទាំងនោះមាន៖ ទី១. ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកបទពិសោធន៍ និងមេរៀនបច្ចេកទេសល្អៗដើម្បីពង្រឹងសមត្ថភាពនិងទេពកោសល្យជំនាញសម្រាប់អនាគត។ ទី២. ត្រូវគោរពច្បាប់ និងមានវិន័យក្នុងការងារ ឧស្សាហ៍ព្យាយាម និងមានទំនាក់ទំនងល្អក្នុងការងារ ជីវិតរស់នៅ និងជាមួយក្រុមគ្រួសារ។ ទី៣.ត្រូវមានកិច្ចសហការល្អជាមួយ គ្រប់ជាតិសាសន៍ទាំងក្នុងពេលរៀន និងក្នុងពេលបំពេញការងារ។ ទី៤. ត្រូវថែរក្សាប្រពៃណី វប្បធម៌ជាតិ ទំនៀមទម្លាប់ និងសាសនាដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរ ឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានសីលធម៌ និងត្រូវគោរពឲ្យបាននូវវិន័យរបស់សាលា។ ទី៥.ត្រូវសន្សំទ្រព្យជាចំណេះ និងជាបទពិសោធន៍ទាំងការងារ និងជីវតិរស់នៅ រួចយកមករៀបចំកសាងការងាររបស់ខ្លួន ឲ្យបានច្បាស់លាស់ និងពិតប្រាកដមួយ ដើម្បីកសាងអនាគតរបស់ខ្លួន របស់គ្រួសារផ្ទាល់ និងជាពិសេសនឹងចូលរួមយ៉ាងពេញលេញ ទាំងកំលាំងកាយ និងប្រាជ្ញាស្មារតីក្នុងការកសាង និងអភិវឌ្ឍប្រទេសមួយនេះ ឲ្យមានការរីកចម្រើនពេញមុខពេញមាត់ ដូចបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក៕