(កំពង់ស្ពឺ)៖ ប្រជាជនក្នុងខេត្តកំពង់ស្ពឺ មានការយល់ដឹងលើផ្នែកសុខមាលភាព ដែលបណ្តាលមកពីការបរិភោគអាហារ គ្មានប្រភព ខូចគុណភាព គ្មានកាលបរិច្ឆេទជាដើម។ ជាមួយនឹងបញ្ហានេះ មន្រ្តី សាខាកាំកុងត្រូល និងមន្ត្រីជំនាញ នៃមន្ទីរពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរ ចុះអប់រំណែនាំតាមផ្សារដែលកំពុងចរាចរទំនិញអាហារខូចគុណភាព គ្មានប្រភពនៅតាមទីផ្សារនានាក្នុងខេត្ត។
មន្ត្រីជំនាញ និងអាជ្ញាធរ តែងតែបានចុះអប់រំណែនាំដោយមានលោក ណាល់ វិចិត្រ ជាប្រធានសាខា បានដឹកនាំមន្ត្រីក្រោមឱវ៉ាទចុះអប់រំតាមទីផ្សារនានា រហូតដល់មានការបង្រៀនយល់ ដឹងទៅស្រទាប់កុមារ និងសិស្សានុសិស្ស តាមសាលានានាក្នុងទីក្រុង និងជនបទផងដែរ។
ក្រុមការងារជំនាញ បានណែនាំពន្យល់ដល់ក្រុមអាជីវករ បានយល់ដឹងពីផលវិបាក នៃការប្រើបាស់សារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារ ឬការកែឆ្នៃម្ហូបអាហារ ដែលនាំឲ្យគ្រោះថ្នាក់ដល់ សុខភាព និងឲ្យពួកគាត់បានយល់ដឹងអំពីលក្ខណៈ អនាម័យ នៃការដាក់តាំងលក់ និងការទទួលខុសត្រូវចំពោះមុខច្បាប់ លើផ្នែកសុវត្តិភាពម្ហូប អាហារ ព្រមទាំងបានណែនាំឲ្យ ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នជៀសវាងការដាក់តាំង លក់ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព និងទំនិញក្លែងក្លាយ ឬលួចបន្លំលក់ជាដើម។
នាព្រឹកថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារចំនួន២ មានផ្សារគគ្រួស ស្ថិតនៅក្នុងឃុំព្រៃញាតិ ស្រុកគងពិសី និងផ្សារវត្តអង្គ ឃុំសែនដី ស្រុកសំរោងទង មានទីតាំងបណ្តោយផ្លូវជាតិលេខ៤១ មន្ត្រីសាខាបានចូលត្រួតពិនិត្យធ្វើតេសបឋមចំនួន៨មុខលើ ស្ករត្នោត សណ្តែកបណ្តុះ ក្រអៅឈូកស្វែងរកម្សៅស ហើយក្រុមការងារជំនាញបានស្វែងរក បូរ៉ាក់ លើត្រីងៀតម៉ាំកូនត្រី បង្អែមលតស្វិត បាញ់ឌុក និងអំបិលអយ៉ូត ផលលិតផលក្រោការពិនិត្យ ពុំបានរកឃើញសារធាតុម្សៅសរ ឬសារធាតុបូរ៉ាក់នោះឡើយ៕