(ព្រៃវៃង)៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទចំនួន១១មុខ ដែលដាក់លក់នៅផ្សារក្រុងព្រៃវែង និងតាមផ្ទះជុំវិញផ្សារចំនួន២៣ទីតាំង ត្រូវបានមន្រ្តីកាំកុងត្រូលខេត្តព្រៃវែង ដកហូតទុកដុតកម្ទេចចោល។
ការចុះដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទនេះ ឡើងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្មាំ២០១៨នេះ ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង សហការ ជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋាន គណៈកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញនៅក្នុងផ្សារក្រុងព្រៃវែង និងតាមបណ្តាផ្ទះលក់ទំនិញជុំវិញផ្សារបានចំនួន២៣ទីតាំង។
លោក អ៊ុត សុភាព បានឲ្យដឹងថា ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលដកហូតពីអាជីវករខាងលើ រួមមាន៖
*ទី១៖ នំចំរុះស្មើនឹង២៣.៧១ គ.ក
*ទី២៖ ស្ករគ្រាប់ CoolAirស្មើនឹង៦.៥ គ.ក,
*ទី៣៖ ទឹកត្រី៨ដប ស្មើនឹង ៥.៥ គ.ក
*ទី៤៖ បបរកូនក្មេងស្មើនឹង១.៤៣ គ.ក
*ទី៥៖ ទឹកដោះគោឆៅស្មើនឹង ៥.១៤ គ.ក
*ទី៦៖ តែកំប៉ុងស្មើនឹង ០.៥ គ.ក
*ទី៧៖ ម៉្សៅស្រួយ Crispyស្មើនឹង ៣ គ.ក
*ទី៨៖ ទឹកសណ្តែកប្រអប់ក្រដាសស្មើនឹង ២.៧ គ.ក
*ទី៩៖ ទឹកផ្លែឈើលាយទឹកដោះគោស្មើនឹង ៥.៦ គ.ក
*ទី១០៖ ខារ៉ាបាវ ៤កំប៉ុងស្មើនឹង១.១ គ.ក,១១, ទឹកដោះគោខាប់ My Boyស្មើនឹង ២០ គ.ក សរុបស្មើនឹង៧៥.១៨ គីឡូក្រាម ហើយក្រុមការងារបាន ធ្វើកិច្ចសន្យាត្រឹមត្រូវជាមួយអាជីវករ។
ក្រុមការងារក៏បានធ្វើការត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ និងបានធ្វើតេស្ត បឋមរកសារធាតុគីមីទៅលើ សរសៃគុយទាវ, មី, ជ្រក់ និងគ្រឿងសមុទ្របន្ថែមទៀត តែរកមិនឃើញ ផលិតផលណាមួយមានសារធាតុគីមីឡើយ។
លោកប្រធានសាខាក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្របទៅតាមយថា ប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀស នូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរ ដល់អាជីវករ នៅក្នុងផ្សារ ក្រុងព្រៃវែងនិងតាមបណ្តាផ្ទះលក់ទំនិញទាំងអស់ អោយជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕