(កំពង់ឆ្នាំង)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលកំពង់ឆ្នាំង បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ចុះពិនិត្យទំនិញនៅផ្សារលើ និងផ្ទះលក់ដូរជុំវិញផ្សារ ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោកប្រធានសាខាបានឲ្យដឹងថា នៅក្នុងការចុះពិនិត្យទំនិញនៅផ្សារលើ និងផ្ទះលក់ដូរជុំវិញផ្សារ ក្រុមការងារបានធ្វើតេស្ត ទៅលើមុខម្ហូបមួយចំនួន ដូចជា៖ បន្លែ ផ្លែឈើ ប្រហិត មី គុយទាវ ជ្រក់ស្ពៃ គ្រឿងសមុទ្រ ដូចមឹក បង្គារ និងណែម ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះ ក្រុមការងារបានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយ ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក យីវ ណារិន ក៏បានធ្វើការណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុនទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម៕