(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធី ប្រកាសបើកយុទ្ធនាការបណ្តុះបណ្តាលជាស៊េរីស្តីពី «ជំនាញបច្ចេកទេស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជំនាញ និងពង្រឹងពង្រីកចំណេះដឹងបច្ចេកទេស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិក្ខាកាមគោលដៅ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញ សរុប១,០១៤នាក់ ដែលទទួលបន្ទុកការងារគ្រប់គ្រងថវិកា លទ្ធកម្ម ហិរញ្ញវត្ថុកិច្ច និងគណនេយ្យហិរញ្ញវត្ថុ របស់ក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាល។
ពិធីប្រកាសបើកយុទ្ធនាការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ត្រូវបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន និងមានការចូលរួមពីលោកស្រី កាមីឡា ឡំបាដ៍ (Camilla Lombard) អនុប្រធានក្រុមសហប្រតិបត្តិការ នៃសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា និងលោក លោកស្រី តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងសិក្ខាកាមចូលរួមសរុបប្រមាណ៤៥០នាក់។
អង្គពិធីនេះ ត្រូវបានរៀបចំសម្របសម្រួលដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយដំណើរការបណ្តុះបណ្តាលជាក់ស្តែង នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទម្រង់ជាកម្មវិធីសិក្សាជំនាញបច្ចេកទេស ដែលមានរយៈពេលពី៧០-៩០ម៉ោង សម្រាប់វគ្គសិក្សានីមួយៗ ដែលមានលក្ខណៈជាស៊េរីចំនួន២១វគ្គ គិតចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨តទៅ។
លោកស្រី កាមីឡា ឡំបាដ៍ (Ms. Camilla Lombard) អនុប្រធានក្រុមសហប្រតិបត្តិការ នៃសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងនាមតំណាងដៃគូអភិវឌ្ឍ លោកស្រីសូមអបអរសាទរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុម័ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ដោយជោគជ័យនូវ ផែនការយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣។ ដៃគូអភិវឌ្ឍពិតជាមានសេចក្ដីរីករាយ និងមានកិត្តិយស ដែលបានចូលរួមនៅក្នុងដំណើរការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ក្រសួងទទួលបានជោគជ័យក្នុងការងារបណ្ដុះបណ្ដាល និងកសាងសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការកក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាលលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាតម្រូវការចាំបាច់ សម្រាប់អនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
បច្ចុប្បន្នធនធានមនុស្សទាំងនោះ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន និងបានរួមចំណែកធ្វើឲ្យកម្ពុជា អាចបន្តរក្សាបានយ៉ាងរឹងមាំនូវ ភាពជឿទុកចិត្តបាន នៃថវិកាដែលសម្រេចបានជាសារវន្ត នៅក្នុងដំណាក់កាលទី១ និងទទួលបានជោគជ័យថែមទៀត ក្នុងការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលទី២ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះ មួយរបស់រាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ធានាជោគជ័យ ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍជាតិ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅដំណាក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជាអាទិភាព របស់រាជរដ្ឋាភិបាល និងមានតួអង្គអនុវត្តកាន់តែច្រើនឡើង ទន្ទឹមនឹងការផ្ទេរភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនជាងមុន ទៅកាន់ក្រសួងស្ថាប័ន ក្នុងកាលៈទេសៈដែលសមត្ថភាពធនធានមនុស្សនៅមានកម្រិត, ទាំងចំណេះដឹង ជំនាញ និងឆន្ទៈក្នុងការចូលរួមអនុវត្ត។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក្នុងក្របខណ្ឌការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ២០១៨រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី២ ដែលពង្រីកទៅដល់ក្រសួងស្ថាប័នចំនួន១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទន្ទឹមជាមួយនឹងការដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា ២០១៧-២០២៥» ក្នុងគោលដៅធ្វើឲ្យប្រព័ន្ធថវិកាកម្ពុជា ទៅជាប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ដែលនឹងធានាក្នុងការប្រែក្លាយ ថវិកាឲ្យទៅឧបករណ៍គោលនយោបាយដ៏ពិតប្រាកដ សម្រាប់អនុវត្តគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ការណ៍នេះធ្វើឲ្យគ្រប់ក្រសួងស្ថាប័ន ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងការលើកកម្ពស់ការយល់ដឹង ពិសេសលើ «ជំនាញបច្ចេកទេសចាំបាច់ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជូនមន្រ្តីរាជការដើម្បីអាចធានាបាននូវប្រសិទ្ធភាព សង្គតិភាព និងចីរភាព ក្នុងការអនុវត្តតួនាទីភារកិច្ច ពិសេស ការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕