(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក LIU ZHIJIE អគ្គកុងស៊ុល នៃស្ថានទូតប្រទេសចិន ប្រចាំខេត្តសៀមរាប និងសហការីលោក MO YUANYUAN បានចូលសម្តែងការគួរសមជាមួយលោក ប៊ុត គឹមស៊ាន អភិបាលស្តីទី នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលខេត្ត និងមន្រ្តីទំនាក់ទំនងសាធារណៈសាលាខេត្ត។
នៅក្នុងកិច្ចជួបសម្តែងគួរសមនេះដែរ លោក LIU ZHIJIE បានជម្រាបជូនលោក អភិបាលខេត្តថា ទំនាក់ទំនងការងាររវាងកម្ពុជា-ចិន លើគ្រប់វិស័យមានភាពកាន់តែល្អប្រសើឡើង។ លោកអគ្គកុងស៊ុល បានបញ្ជាក់ថា ប្រទេសចិនបានផ្តល់អាហារូបករណ៍ដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ចំនួន១០០នាក់ ទៅសិក្សានៅប្រទេសចិន ដូច្នេះសិស្សនៅខេត្តបាត់ដំបង អាចដាក់ពាក្យសុំអាហារូបករណ៍ទៅរៀននៅប្រទេសចិនបាន។
លោកបានបន្តថា ដោយឡែកមន្រ្តីសាលាខេត្តបាត់ដំបង ភាគីចិនអនុញាតឲ្យទៅរៀនភាសារចិននៅប្រទេសចិន ដើម្បីមានភាពងាយស្រួល ទំនាក់ទំនងគ្នាជាមួយចិន ទៅថ្ងៃក្រោយផងដែរ។
លោក LIU ZHIJIE បានបន្ថែមថា ប្រទេសចិនតាមរយៈអគ្គកុងស៊ុលប្រចាំខេត្តសៀមរាប បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាមាន គឺជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាតាមរយៈអាហាររូបករណ៍ ធ្វើវិនិយោគលើវិស័យផ្សេងៗនៅខេត្តសៀមរាប និងខេត្តបាត់ដំបង ហើយបានអញ្ជើញលោកអភិបាលខេត្តបាត់ដំបង ទៅចូលរួមសម្ពោធការិយាល័យថ្មី នៃអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប នាចុងខែកញ្ញាខាងមុខនេះ និងស្នើសុំទិន្នន័យរបស់ខេត្តយកទៅសិក្សាផងដែរ។
លោក ប៊ុត គឹមស៊ាន បានឆ្លើយតប និងជម្រាបជូនថា ក្នុងនាមលោកអភិបាលខេត្ត និងរដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណដល់ប្រទេសចិន ដែលតែងតែគាំទ្រជួយអភិវឌ្ឍប្រទេសកម្ពុជាកន្លងមក ពិសេសនៅខេត្តបាត់ដំបង មានអ្នកវិនិយោគចិនបានកសាងរោងចក្រស៊ីម៉ង់តិ៍ដ៏ធំមួយ និងមានការងារផ្សេងៗទៀត មិនតែប៉ុណ្ណោះ ធ្វើឲ្យខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ជាច្រើន មកទស្សនា និងសិក្សាពីសក្កដានុពលរបស់ខេត្ត កាន់តែល្អប្រសើរ។
លោកអភិបាលខេត្តស្តីទី បានបញ្ជាក់ថា វិស័យស្រូវអង្ករ ក្រោយពីទុកផ្គត់ផ្គត់ក្នុងស្រុកហើយ ខេត្តបាត់ដំបង មានលទ្ធភាពនាំចេញអង្ករ ចំនួន៥០ម៉ឺនតោនក្នុង១ឆ្នាំ ហើយបានយល់ព្រមផ្តល់ទិន្ន័យរបស់ខេត្ត តាមសារអេឡិចត្រូនិក ជូនតាមក្រោយផងដែរ។
បន្ទាប់ពីមតិសំណេះសំណាលសម្តែងការគួរសមចប់ ភាគីទាំងពីរ បានផ្តល់វត្ថុអានុស្សាវរីយ៍គ្នាទៅវិញទៅមក មានលក្ខណៈមិត្តភាពគង់វង្សយូរអង្វែងតទៅ៕