(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី មិនបានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ប្រជាពលរដ្ឋខ្មែរបន្តិចណាសោះឡើយ គឺទណ្ឌិតរូបនេះ តែងតែគិតដើរញុះញង់ឱ្យបរទេសកាត់ជំនួយពីកម្ពុជាទៅវិញ។ ដែលផ្ទុយពីបរទេសមួយចំនួននាំគ្នាកោតសសើរពីភាពរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចរួមជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអញ្ជើញត្រួតពិនិត្យ និងដាំដើមឈើនៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ។
ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី តែងតែដើរញុះញង់បំផុសបំផុលដល់បរទេសនានា ជាពិសេសបណ្តាប្រទេសមហាអំណាចឱ្យកាត់ផ្តាច់រាល់ជំនួយនានាដែលបានជួយដល់កម្ពុជា ដាក់គំនាបនយោបាយ ការអនុគ្រោះពន្ធជាដើម និងរិះគន់ទាំងងងឹត ងងុល ដោយមើលមិនឃើញពីភាពរីកចម្រើនរបស់កម្ពុជាម្តងណាឡើយ។
រដ្ឋមន្ត្រីការពារជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ « ទណ្ឌិត សម រង្ស៊ី យើងមិនអាចយកជាការអត់កើតនោះទេ គឺសម្តីរបស់គាត់ មិនថានិយាយអីនេះទេ [...] ខ្ញុំស្គាល់ សម រង្ស៊ី មកហាក់បីដូចជាមកមិនដែលមានអ្វីជាការវិជ្ជមានចំពោះព្រះរាជណាចក្រកម្ពុជាយើង ដែលដើរវាឆ្ងាយម្លឹងៗ គេមិនដែលទទួលស្គាល់ ផ្ទុយស្រឡះពីអ្នកដ៏ទៃមួយចំនួន និងជនបរទេសទៀតគេទទួលស្គាល់ជាអច្ឆរិយមួយ»។
សម្តេចពិជ័យសេនាទៀ បាញ់ បានបន្តថា ទម្រាំទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្នបនេះ ប្រទេសកម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ រាប់ទសវត្ស ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងព្រាត់ប្រាសប្រពន្ធ កូន ក្រុមគ្រួសារ យ៉ាងសោកសម្រែងក្រៃលែង។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានសន្ទុះយ៉ាងខ្លាំងលើការអភិវឌ្ឍទាំងសេដ្ឋកិច្ច នយោបាយ ជាពិសេសគោល នយោបាយឈ្នះ-ឈ្នះ ដ៏ថ្មីសន្លាងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ជាគណបក្ស ចំនួន១៥ ដែលមិនបានទទួលអាសនៈ ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី០៦នេះ។
រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា សម្រាប់នយោបាយឈ្នះ-ឈ្នះនេះ បាននាំមកនូវភាពសុខដុមរមនាដល់ប្រជាពលរដ្ឋកម្ពុជា នាំមកនូវឯកភាពជាតិ ជាពិសេសបានបិទបញ្ចប់ទាំងស្រុងនូវទំនាស់រវាងខ្មែរ និងខ្មែរ ឱ្យមករស់នៅក្នុងភាពសប្បាយរីករាយ មិនភ័យខ្លាចដូចពីអតីតកាលនោះឡើយ៕