(ភ្នំពេញ)៖ គិតមកត្រឹមខែសីហា ឆ្នាំ២០១៨នេះ កម្ពុជាមានអ្នកប្រើប្រាស់ សេវាទូរស័ព្ទចល័តចំនួនជាង១៩លានស៊ីមកាត, អ្នកប្រើប្រាស់ Internet ទាំងចល័ត និងអចល័តចំនួនជាង១២លាននាក់។ នេះបើយោងតាមរបាយការណ៍ របស់អ្នកនាំពាក្យ និយ័តករទូរគមនាគមន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា គិតមកដល់ត្រឹមខែសីហា ឆ្នាំ២០១៨នេះ កម្ពុជាមានអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តចំនួន១៩,០៧៥,៧២៥ស៊ីមកាត ស្មើនឹងចំនួន១១៨.៧០ភាគរយ នៃចំនួនប្រជាជនកម្ពុជា ដែលមានចំនួនជាង១៦លាននាក់។
សម្រាប់ចំនួនទូរស័ព្ទអចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន៧) សរុប១០២,៧៧៥ ខ្សែ ត្រូវនឹង០.៦៤% បើធៀបជាមួយប្រជាជនសរុប។
ដោយឡែកសម្រាប់ អ្នកប្រើប្រាស់សេវា Internet ចល័ត 3G/4G-LTE វិញ មានចំនួនសរុប១២,០៩៦,៣១៦លាននាក់ ស្មើនឹង៧៥.២៧% ក្នុងនោះអ្នកប្រើប្រាស់ internet អចល័តសរុប១៣២,៨៨៩នាក់ ត្រូវនឹង០.៨២ភាគរយ៕