(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង បានកោតសសើរចំពោះអាជ្ញាធរខេត្ត សមាជិក សាមាជិកា ប្រធានក្រុមប្រឹក្សាគណបក្សដែលបានរួមគ្នា ដែលបានយកចិត្តទុកដាក់ចំពោះ សុខទុក្ខប្រជាពលរដ្ឋ ចុះជួយសម្រួលកិច្ចជាច្រើន មានដូចជា ស្ថាបនាផ្លូវ ទឹក ភ្លើង និងប្រព័ន្ធ ប្រឡាយទឹកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការកោតសរសើរនេះ បានធ្វើឡើងខណៈដែលលោក បានអញ្ជើញជួបសំណេះសំណាល ដើម្បីថ្លែងអំណរគុណ និងរៀបចំអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋជាង២០០០នាក់ ក្នុងឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា កាលពីចុងសប្តាហ៍នេះ។
លោក ស សុខា បានបន្ថែមឲ្យដឹងថា ក្នុងនាមជាតំណាងរាស្រ្តមួយរូប លោកសូមប្ដេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណគុណចំពោះសមាជិកសមាជិកា ដែលបានបោះឆ្នោតជូន គណបក្សប្រជា ជនកម្ពុជា ឈ្នះឆ្នោត នេះជាប្រវត្តិសាស្ត្ររបស់គណបក្ស ក៏ដូចជារបស់ប្រទេសជាតិដែលបានឈ្នះ១០០%កៅអី ក្នុងសភាពោលគឺ ១២៥ លើ១២៥ ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ។
លោកបញ្ជាក់ឲ្យដឹងទៀតថា ក្នុងនាមជាតំណាងរាស្រ្ត ត្រូវតែគិតពីគោលការណ៍៣ចំណុចធំៗ គឺ៖ ទី១ ត្រូវស្មោះស្ម័គ្រជាមួយប្រជាពលរដ្ឋ ទី២ ត្រូវថែរក្សាដែនដីការពារប្រជាពលរដ្ឋ និង ទី៣ ត្រូវស្នេហាជាតិ។
គោលការណ៍៣នេះ ត្រូវអនុវត្តមុនគេបំផុតក្នុងកិច្ចការងារកសាងប្រទេសជាតិ ដើម្បីកសាងសុខសន្តិភាព និងភាពរីចំរើននាពេលអនាគត។ ក្រៅពីកិច្ចកាងារនេះ ស្របពេលដែលស្រុកមួយចំនួន ក្នុងខេត្តព្រៃវែង ត្រូវបានរងការជន់លិច ក្នុងនាមអាជ្ញាធរសូមធ្វើការផ្ដាំផ្ញើ ទៅបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្ន ចំពោះទឹកជំន់នជាពិសេសកុមារតូចៗ៕