(ភ្នំពេញ)៖ លោកស្រី លី ហាសាណះ ម្ដាយបង្កើតរបស់កីឡាករ សាលី អ៊ូមើត និងលោកស្រី Khuon Pach ដែលជាយាយបង្កើតរបស់កីឡាការិនី ខាន់ ចេសា បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងមោទនៈភាពជាខ្លាំង បន្ទាប់ពីកូន-ចៅរបស់ខ្លួន បានកសាងស្នាដៃ និងកិត្តិយសជូនជាតិ បន្ទាប់ពីដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ការប្រកួតម្សិលមិញ។
ការបង្ហាញអារម្មណ៍រំភើបរីករាយស្ទើរស្រក់ទឹកភ្នែកនេះ គឺស្របពេលអាណាព្យាបាលរបស់កីឡាករ-កីឡាការិនីឆ្នើមទាំងពីរ បានជួបលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញ ខណៈពួកគាត់បានធ្វើដំណើរពីខេត្តក្រចេះ និងសហរដ្ឋអាមេរិក ដើម្បីត្រៀមទទួលស្វាគមន៍កូន និងចៅរបស់ខ្លួន ដែលនឹងធ្វើដំណើរនិវត្តន៍ មកដល់មាតុភូមិ នាល្ងាចថ្ងៃទី០៣ ខែកញ្ញានេះ ក៏ដូចជាត្រៀមចូលជួបសម្ដែងការគួរសម្យជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ។
លោកស្រី លី ហាសាណះ បានលើកឡើងថា លោកស្រីមានមោទនៈភាពខ្លាំង ក្រោយទទួលបានដំណឹងកូនប្រុសឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១។ លោកស្រីស្ញប់ស្ញែងនឹងលទ្ធផលនេះ ព្រោះវាគឺកិត្តិយសជាតិទាំងមូល។ បន្ថែមលើនេះ លោកស្រីបារំលេចថា អ៊ូមើត គឺជាក្មេងកំព្រាឪពុក ប៉ុន្ដែរូបគេមានការតស៊ូណាស់ ពិសេសក្រោយចូលលេងកីឡាម៉ូតូទឹក ដោយដណ្ដើមបានជ័យជម្នះបន្ដបន្ទាប់។ មិនតែប៉ុណ្ណោះ អ៊ូមើត ក៏ជាមនុស្សគំរូមួយក្នុងសង្គម ដោយគេតែងអ៊ូសទាញក្មេងៗ ដែលប្រព្រឹត្តអំពើមិនល្អក្នុងសង្គម មកដើរតាមគន្លងធម៌ ដូចជាការអូសទាញមកលេងកីឡា ដើម្បីចៀសវាងការប្រព្រឹត្ដអំពើអបាយមុខផ្សេងៗជាដើម។
ដោយឡែកលោកស្រី Khuon Pach ដែលបានធ្វើដំណើរពីអាមេរិក មកអបអរសាទរចៅខ្លួន បានថ្លែងស្រដៀងគ្នាថា លោកយាយសប្បាយចិត្ត និងរីករាយខ្លាំងណាស់ ដែលក្មេងស្រីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា អាចដណ្ដើមមេដាយ និងកិត្តិយសជូនប្រទេសកម្ពុជា ដែលជាប្រទេសកំណើតឪពុកខ្លួន។ ចេសា គឺជាក្មេងស្រីល្អ និងមានការព្យាយាមខ្ពស់ ជាក់ស្ដែងក្រោយលេងកីឡាជឺជិតស៊ូ នាងធ្លាប់ដណ្ដើមបានមេដាយជាច្រើននៅអាមេរិក ពោលធ្លាប់ចាញ់តែម្ដងគត់។ ហេតុនេះលោកយាយបានប្ដេជ្ញានឹងជំរុញ ចេសា ឲ្យមានការខិតខំបន្ថែម ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមមេដាយមាសជូនកម្ពុជាបន្ដទៀត។
គួរបញ្ជាក់ថា តាមគម្រោងប្រតិភូ និងអត្តពលិកជ័យលាភីកម្ពុជា នឹងមកដល់មាតុភូមិ នាវេលាម៉ោង ៥៖៣៥នាល្ងាចនេះ ស្របពេលក្រសួងអប់រំ និង NOCC បានត្រៀមរៀបចំកម្មវិធីទទួលស្វាគមន៍យ៉ាងពិសេស តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដោយមានក្បួនដង្ហែររថយន្ដ អមដោងម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព ដើម្បីជួបសម្ដែងការគួរសម្យជាមួយសម្ដេចតេជោ ហ៊ុន សែន ភ្លាមៗតែម្ដង ហើយក្នុងឱកាសដ៏វិសេសវិសាលនោះ អាណាព្យាបាល និងបងប្អូនរបស់កីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមផងដែរ៕