(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំតាំងពិព័រណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨-១១ ខែធ្នូឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសនិ្នបាតកោះពេជ្រ។
ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងត្រូវបានរៀបចំអមជាមួយផងដែរ នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា៖ វេទិកាស្តីពីវិនិយោគ និងធុរកិច្ច, សិក្ខាសាលាស្តីពី ការជំរុញសកម្មភាពពាណិជ្ជកម្ម, ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម និងវិនិយោគជាដើម។
លើសពីនេះទៀត ក្រសួងពាណិជ្ជកម្ម ក៏នឹងដាក់តាំងបង្ហាញផលិតផលស្រូវ-អង្ករ និងរៀបចំកម្មវិធីជំនួបពាណិជ្ជកម្មសម្រាប់អ្នកនាំចេញអង្ករកម្ពុជាទៀតផង។ ព្រឹត្តិការណ៍ទាំងនេះ រៀបចំឡើងក្នុងបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ពិសេសការជំរុញការនាំចេញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក៏នឹងផ្តល់នូវកាលានុវត្តភាព ដើម្បីជំរុញឲ្យបរិយាកាសពាណិជ្ជកម្ម ក្នុងស្រុកមានសន្ទុះឡើង និងផ្សារភ្ជាប់ពាណិជ្ជកម្ម ក្នុងស្រុករវាងរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា និងពាណិជ្ជករបរទេស៕