(ភ្នំពេញ)៖ ផ្លែស្វាយប្រមាណ៥០០តោន គ្រោងនឹងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈក្រុមហ៊ុន ខនហ្វីរេល (Confirel) នៅក្នុងខែធ្នូ ឆ្នាំ២០១៨នេះ។
ដោយឡែកទីផ្សារធំ ដែលត្រូវនាំចូលមុនគេគឺ ទីផ្សារក្នុងប្រទេសបារាំង និងទីផ្សារតាមបណ្ដាប្រទេស នៅអឺរ៉ុបមួយចំនួនទៀត។ បច្ចុប្បន្ននេះផ្លែស្វាយ ហាក់កំពុងមានទីផ្សារជាបន្ដបន្ទាប់, បន្ទាប់ពីមានក្រុមហ៊ុនផ្សេងៗ គ្រោងនឹងទិញនាំចេញទៅបរទេស។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានថ្មីៗ ផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូចនិងមធ្យម, បរិស្ថាន និងទេសចរណ៍ នៅតាមបណ្តាខេត្តនីមួយៗនៃកម្ពុជា នៅក្រុមហ៊ុន Star Auto Cambodia នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ លោកឧកញ៉ា ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន Confirel បានឲ្យដឹងថា «ក្នុងខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Confirel នឹងដើរទទួលទិញផ្លែស្វាយស្រស់ (ស្វាយកែវរមៀត) ពីប្រជាកសិករ ដើម្បីធ្វើការនាំចេញទៅទីផ្សារអឺរ៉ុប។ ដោយឡែកសម្រាប់តម្លៃ ដែលក្រុមហ៊ុនគ្រោងនឹងទិញ ពីកសិករនោះ គឺឲ្យតម្លៃខ្ទង់៣ពាន់រៀល ក្នុង១គីឡូក្រោម»។
លោកឧកញ៉ាបន្ថែមទៀតថា ប្រសិនបើគម្រោងនៃការនាំចេញស្វាយ ទៅលើទីផ្សារអឺរ៉ុបនេះ ទទួលបានជោគជ័យ ក្រុមហ៊ុន Confirel និងសហការជាមួយនឹងប្រជាពលរដ្ឋ ដើម្បីបង្កើតទំនាក់ទំនង ជាមួយបងប្អូនកសិករ ក្នុងការប្រមូលទិញផ្លែស្វាយ។ តែទោះបីជាយ៉ាងណា ក្រុមហ៊ុនក៏ដាំដុះដោយខ្លួនឯងបន្ថែមដែរ ដើម្បីធ្វើជាស្ដុក មានន័យថា (កាលណាទទួលបានជោគជ័យខ្ពស់ នោះនឹងមានបណ្ដាលក្រុមហ៊ុនផ្សេងទៀត ទទួលទិញច្រើន នេះជាការបង្ការខ្លះអស់ផ្លែស្វាយសម្រាប់នាំចេញ)។
ក្រៅពីកម្រោងនាំតែផ្លែស្វាយ ក្រុមហ៊ុននេះ ក៏គ្រោងនឹងនាំចេញផ្លែផាសសិន និងផ្លែមានដែលជាផលិតផលខ្មែរ ទៅកាន់ទីផ្សារបទេសផងដែរ៕