(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះទៅពិនិត្យទំនិញវេចខ្ចប់រួចនៅផ្សារ C Mart Market ស្ថិតនៅកំណាត់ផ្លូវ៥៩៨, ផ្សារCaltex Mart នៅកំណាត់ផ្លូវសហព័ន្ធរុស្សី, ផ្សារផ្ទះម៉ាត និងផ្ទះលក់ទំនិញ ស្ថិតនៅកំណាត់ផ្លូវ២០១១ ក្នុងភូមិសាស្រ្តសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ជាលទ្ធផលពេលចុះត្រួតពិនិត្យទំនិញតាមម៉ាតខាងលើ ក្រុមការងារបានរកឃើញទំនិញខូចគុណភាព ហួសកាល បរិច្ឆេទ កំណត់ប្រើប្រាស់មួយចំនួនដូចជា៖ ភេសជ្ជៈ Zenya ចំណុះ 500ml ចំនួន១៣ដប និងនំសូកូឡា ZENG ចំណុះ15g ចំនួន78ដើម ដោយបានធ្វើកំណត់ហេតុដកហូត និងស្នើសុំគោលការណ៏ កម្ទេចចោលនៅពេលក្រោយ។

ជាមួយគ្នានោះ ក្រុមការងារបានចែកផ្សាយ Poster និងណែនាំដល់អាជីវករឲ្យឈប់ លក់ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆទកំណត់ ប្រើប្រាស់បន្តទៀត។

លោកប្រធានសាខា បានណែនាំដល់ម្ចាស់ម៉ាតទាំងអស់ដាក់តាំងលក់ផលិតផល ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ ផលិតផលហួសកាលបរិច្ឆេទជាដើម។

បន្ទាប់ពីនោះសាខា ក៏បានបន្តចុះឃ្លាំពិនិត្យតម្លៃលក់រាយប្រេងសាំង និងម៉ាស៊ូតតាមស្ថានីយ៍ឡើងវិញដោយពិនិត្យឃើញ៖

*ថ្លៃលក់រាយប្រេងសាំងធម្មតា គឺមានតម្លៃមិនលើសពី៤,០៥០៛ ក្នុង១លីត្រឡើយ
*រីឯថ្លៃលក់ប្រេងម៉ាស៊ូតវិញ គឺមិនលើសពី៣,៩០០៛ ក្នុងមួយលីត្រដែរ ដែលតម្លៃនេះសមស្រប ទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨៕