(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗ ចំនួន១០ នឹងប្រកាសជ្រើសរើសបុគ្គលិក នៅក្នុងកម្មវិធីវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខនេះ ។
ដូច្នេះសម្រាប់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ សូមត្រៀមប្រវត្តរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយបណ្តាក្រុមហ៊ុនដែលចូលរួមសហការមានដូចជា ធនាគារ CIMB, ក្រុមហ៊ុន តែ អៀកហុង អិនធើប្រាយ, ក្រុមហ៊ុន ISI , ក្រុមហ៊ុន Worldbridge , ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន Opennet , ក្រុមហ៊ុន Seatel , ក្រុមហ៊ុន TH F&B , ក្រុមហ៊ុន ICE Eletronics និងក្រុមហ៊ុន Metfone ។
កម្មវិធី ចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងខែកញ្ញានេះ NEA នឹងសហការជាមួយបណ្តាក្រុមហ៊ុនធំៗ ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក រៀបចំនៅវេទិកាការងារចំនួនពីរដងបន្ថែមទៀត ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារដល់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។
លោក អាំង ភារៈ បានបន្ថែមទៀតថា នាពេលបច្ចុប្បន្នទោះបីជាសេវាស្វែងរកការងារ និងជ្រើសរើសបុគ្គលិកជូនបណ្តាលក្រុមហ៊ុន មិនទាន់មានភាពល្អប្រសើរមួយរយភាគរយក៏ដោយ ក៏ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងព្យាយាមរៀបចំនូវយុទ្ធសាស្រ្តល្អៗដើម្បីពង្រឹង ទៅលើសេវាទាំងអស់នេះ ឲ្យកាន់តែមានភាពល្អប្រសើរឡើងសម្រាប់ថ្ងៃខាងមុខផងដែរ។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ខែទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំនូវវេទិកាការងារ កិច្ចសម្ភាសប្រចាំខែសម្រាប់អ្នកស្វែងរកការងារធ្វើ និងការបង្ហាត់បង្រៀនអំពីជំនាញទន់ដែលមានការចូលរួមពីក្រុមមគ្គុទេសក៍អាជីពសម្រាប់ជួយដល់សិស្ស/និស្សិតអោយស្គាល់អំពីបច្ចុប្បន្នភាពនៃទីផ្សារការងារ និងត្រៀមលក្ខណៈក្លាយបុគ្គលិកដ៏ល្អនៅក្រុមហ៊ុនរបស់ខ្លួន។
សូមជម្រាបផងដែរថា នាខែសីហាកន្លងទៅនេះ NEA បានរៀបចំកម្មវិធីវេទិកាការងារចំនូន ៣ដង និងមានក្រុមហ៊ុនចូលរួមចំនួន៣០ ទទួលបានអ្នកចូលរួមចំនួនជាង៩០០នាក់ ព្រមទាំងមានយុវជនចំនួន ១៦១នាក់ ជាប់ជាស្ថាពរ និង៥៥១នាក់ទៀតជាប់បឋម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕