(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ បានបញ្ជាក់ថា ការពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៩ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នឹងសម្រេចឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ខណៈភាគីនីមួយៗបានបង្ហាញក្តីរំពឹងថា ការពិភាក្សានេះនឹងប្រព្រឹត្តដោយរលូន។
ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបឋមមួយរបស់គណៈកម្មការប្រឹក្សាការងារអាណត្តិទី៨ លើកទ១៨ នៅទីស្ដីការក្រសួងការងារ នាថ្ងៃព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីកំណត់សមាសភាពត្រីភាគី និងកាលបរិច្ឆេទនៃការពិភាក្សាប្រាក់ឈ្នួល នាពេលខាងមុខ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងថា យន្តការត្រីភាគីលើកនេះក៏ដូចជាលើកមុនដែរ គឺកំណត់ឱ្យភាគីនីមួយៗមានសមាសភាពចំនួន១៦រូប មានន័យថាតំណាងរាជរដ្ឋាភិបាលចំនួន១៦រូប តំណាងនិយោជកចំនួន១៦រូប និងតំណាងសហជីពចំនួន ៦រូប។ លោកថា កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ តទៅ។
លោករដ្ឋមន្ត្រីបន្តថា អង្គប្រជុំក៏បានបង្ហាញនូវស្ថានភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាលក្ខណៈវិនិច្ឆ័យទាំង៧ចំណុច ពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក៏ដូចជាស្ថានភាពប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេស និងប្រទេសដៃគូប្រកួតប្រជែងនានា ដែលសុទ្ធសឹងជាធាតុចូលសម្រាប់សមាជិកគណៈកម្មការប្រឹក្សាការងារពិចារណាផងដែរ។
លោកបន្ថែមថា សម្រាប់ឆ្នាំ២០១៨នេះ ការជជែកពិភាក្សានឹងប្រព្រឹត្តទៅដោយរលូន ដោយស្មារតីយោគយល់គ្នា និងប្រកាន់នូវយុទ្ធសាស្ត្រពិភាក្សាហើយពិភាក្សាទៀត រហូតអាចរកការតួលេខមួយដែលខិតជិតគ្នា ហើយមានគម្លាតតិចបំផុត ដើម្បីយកមកអនុម័តចុងក្រោយ។
រដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សង្ឃឹមថាលទ្ធផលនឹងអាចចេញនៅមុនភ្ជុំ ហើយបងប្អូនក្មួយៗកម្មករនឹងទទួលបាននូវព័ត៌មានដ៏ល្អមួយ ទាក់ទងនឹងប្រាក់ឈ្នួលឆ្នាំ២០១៩របស់ខ្លួន នៅមុនពេលភ្ជុំបិណ្ឌ ហើយខ្ញុំសង្ឃឹមថា វានឹងប្រសើរជាងឆ្នាំ២០១៨»។
បើតាមលោក ណាង សុធី អនុប្រធានគណៈកម្មការប្រឹក្សាការងារ (តំណាងភាគីនិយោជក) ភាគីនិយោជករំពឹងថា ក្រសួងការងារដែលតំណាងឱ្យភាគីរាជរដ្ឋាភិបាល នឹងកំណត់នូវតម្លៃដែលសាកសមមួយ ហើយទទួលយកបានទាំងភាគីនិយោជក និងភាគីសហជីព ដើម្បីរក្សាការងារឱ្យបានកាន់តែល្អ។ ភាគីនិយោជកក៏មានការពេញចិត្តដែរ ចំពោះបញ្ហាចលាចល បាតុកម្ម កូដកម្មបែបអាណាធិបតេយ្យនៅកន្លែងការងារ ដែលមិនសូវកើតមានដូចមុនឡើយ។
លោក ណាង សុធី បានបន្តថា ខណៈដែលរាជរដ្ឋាភិបាល សមាគមនិយោជក (GMAC) កំពុងខិតខំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់កម្មករនិយោជិត ឃើញថាផលិតភាពការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មានការរីកចម្រើនជាងមុន រីឯអ្នកបញ្ជាទិញក៏មានការប្រែប្រួលពីការទិញទំនិញដែលមានតម្លៃទាប មកទិញទំនិញដែលមានតម្លៃខ្ពស់វិញដែរ។
ត្រង់ចំណុចនេះ លោក ណាង សុធី ហាក់ចង់បញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត នៅឆ្នាំ២០១៩ ខាងមុខ មិនសូវមានបញ្ហាចោទនោះឡើយ ថ្វីដ្បិតការបង់ប្រាក់សោធន៍ និងប្រាក់ធានារ៉ាប់រងការងាររបស់កម្មករ គឺជាបន្ទុក១០០ភាគរយរបស់និយោជក និងថៅកែរោងចក្រក៏ពិតមែន សំខាន់ឱ្យតែរាជរដ្ឋាភិបាលធានាបាននូវសន្តិសុខនៅកន្លែងការងារ។
សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ត្រូវបានដំឡើងកាន់តែខ្ពស់ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យនេះបានកើនដល់ចំនួន ១៧០ដុល្លារអាមេរិក ក្នុងមួយខែ៕