(កំពង់ចាម)៖ ជនសង្ស័យប្រុសស្រី៩នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងជំនាញខេត្ត សហការជាមួយជំនាញក្រុងកំពង់ចាម បានធ្វើការស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ស្រីម្នាក់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ អាន វ៉ាន់ឌី អាយុ២៥ឆ្នាំ នៅភូមិចុងថ្នល់១ សង្កាត់បឹងកុក ក្រុងកំពង់ចាម, ទី២៖ឈ្មោះ ឆុង ប៊ុនថុង អាយុ២៣ឆ្នាំ នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម, ទី៣៖ឈ្មោះ ម៉េង ហេងហេង អាយុ១៩ឆ្នាំ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ទី៤៖ឈ្មោះ លី សុខណេង អាយុ២១ឆ្នាំ នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៥៖ឈ្មោះ គា វិសាល អាយុ២៣ឆ្នាំ នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៦៖ឈ្មោះ ផល គឹមលង់ អាយុ១៩ឆ្នាំ នៅភូមិទួលរការ ឃុំរអាង ស្រុកកំពង់សៀម, ទី៧៖ឈ្មោះ សូត្រ ដារ៉ូ អាយុ១៩ឆ្នាំ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម, ទី៨៖ឈ្មោះ វី សុខ អាយុ១៧ឆ្នាំ នៅភូមិជរោទិ៍លើ ឃុំជរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី៩៖ឈ្មោះ ថាន ចាន់វត្តី ភេទស្រី នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០៣កញ្ចប់តូច ម៉ូតូចំនួន០៥គ្រឿង និងទូរស័ព្ទចំនួន០៥គ្រឿង និងឧបករណ៍សេពមួយចំនួន។ បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលជំនាញ កំពុងរៀបចំឯកសារសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕