(ភ្នំពេញ)៖ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀតកោះហៅ លោក វន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះក្នុងនាមជាសាក្សីពាក់ព័ន្ធសំណុំរឿង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ នេះបើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់បណ្តាញអង្គភាព Fresh News នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
ការកោះហៅនេះធ្វើឡើងបន្ទាប់ពី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដោយបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល០៦ខែទៀតតាមនីតិវិធី ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់អាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕