(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក ខេត្តកំពង់ធំ បានលើកឡើងពីភាពវិជ្ជមាន របស់ពលរដ្ឋដែលសម្រេចចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។
លោក ជា ចាន់តូ បានលើកឡើងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា របស់ពលរដ្ឋនេះ ពុំមានជារឿងចៃដន្យនោះឡើយ តែជាការសម្រេចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការរក្សាសុខសន្ដិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។
ការលើកឡើងបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីបូកសរុប លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ឆ្នាំ២០១៨ របស់ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។
លោក ជា ចាន់តូ «គោលបំណងសំខាន់ និងចំបងរបស់គណបក្សប្រជាជន គឺធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យប្រជាជនរស់នៅ ក្នុងសុខសន្តិភាព មានជីវភាពសម្បូរធូរធា និងសង្គមមានការអភិវឌ្ឍ»។
លោកបានបញ្ជាក់ថា លទ្ធផលដែលទទួលបាន ក្នុងការបោះឆ្នោតកន្លងទៅនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីជឿជាក់របស់ប្រជាពលរដ្ឋ ក្នុងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំធ្វើយ៉ាងណា ឲ្យប្រជាជនរបស់ខ្លួន រស់នៅប្រកបដោយសុខសន្ដិភាព។ ជាមួយនេះរាល់អ្វីៗដែល គណបក្សប្រជាជនធ្វើដើម្បីឈរលើផលប្រយោជន៍រួម ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនសុខសន្តិភាព។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានជំរុញឲ្យមន្ត្រីចាប់ពីថ្នាក់ក្រោម ត្រូវបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងចុះដោះបញ្ហាដែលជាបញ្ហាបន្ទាន់ និងចាំបាច់ឲ្យបានទាន់ពេលវេលា ជូនប្រជាជនក្នុងនោះរួមទាំង លើកកម្ពស់ការផ្ដល់សេវាសាធារណៈ ឲ្យប្រសើរផងដែរ។
លោកក៏បានផ្ដល់ជូនអគារសិក្សាមួយខ្នង មានកម្ពស់២ជាន់មាន១២បន្ទប់ ដល់អនុវិទ្យាល័យក្រយសស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបង្កើតទៅជាវិទ្យាល័យ និងបានជួយជួសសង់បង្ហើយរបងសាលាបឋមសិក្សាចំបក់ជើង និងបានប្រកាសជួយជួសជុលស្ពាន យោលតាំងក្រសាំងផងដែរ៕