(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ រួមជាមួយអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិបន្តចុះថ្លែងអំណរគុណប្រជាពលរដ្ឋ សំណេះសំណាលសួរសុខទុក្ខ ព្រមទាំងពិនិត្យផ្លូវបេតុង និងប្រព័ន្ធលូ ដែលទើបស្ថាបនារួច ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក។
លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ ព្រមទាំងផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរបានគិតគូរ និងយកចិត្តទុកដាក់ចំពោះការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូនទាំងអស់។
លោក នុត ពុធដារ៉ា ក៏បានទទួលយកសំណើ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋមកដោះស្រាយជូន និងបានផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរទ្វេរដងបន្ថែមទៀត ស្របតាមអនុសាសាន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិបុរីកម្មករ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន, អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ដែលបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ហើយតាមរយៈផ្លូវបេតុង និងប្រព័ន្ធលូថ្មីនេះ នឹងជួយសម្រួលដល់ការរស់នៅ របស់ពួកគាត់យ៉ាងច្រើន ជាពិសេសសម្រួលដល់ការធ្វើដំណើរ បញ្ជៀសការលិចលង់នៅពេលភ្លៀង មានសោភណ្ឌភាពក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដែលពីមុនផ្លូវនេះជាផ្លូវដី និងមានទឹកលិចនៅពេលមានភ្លៀងធ្លាក់ម្តងៗពិបាករស់នៅ និងធ្វើដំណើរទៀតផង៕