(កំពង់ចាម)៖ ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ឡូវ ហ៊ឺង និងលោកស្រី ណាល់ សុខអៀន បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ជូនចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឲ្យសម្រេចទទួលបានលទ្ធផលជោគជ័យ យ៉ាងល្អប្រសើរ។
ការចុះថ្លែងអំណរគុណរបស់មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជាឃុំទងត្រឡាចរូបនេះ ធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តជន្លាត់ដៃ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះឧកញ៉ា ជា លាងហុង និងឧកញ៉ា ឡូវ សុនសាន ដែលតែងតែជួយដោះស្រាយ និងឧបត្ថម្ភរាល់ការខ្វះខាតទាំងឡាយ ឧបត្ថម្ភគ្រួសារដែលជីវភាពទីទ័លក្រ ឧបត្ថម្ភលោកតា លោកយាយ ព្រះសង្ឈ និងក្មួយៗសិស្សានុសិស្ស នៅក្នុងឃុំទងត្រឡាច។
លោក ឡូវ ហ៊ឺង បាននាំសារថ្លែងអំណរគុណរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន។ លើសពីនេះ សម្តេចសូមជូនពរប្រជាពលរដ្ឋឲ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។
លោកបានសំណូមពរប្រជាពលរដ្ឋ រួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឲ្យបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។ បើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ មន្រ្តីរាជការត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឲ្យបាននូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលស្តីពីភូមិ ឃុំមានសុវត្ថិភាព និងចៀសផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង។
នាថ្ងៃដដែល ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច បានពិនិត្យវាយតម្លៃការសាងសង់របង និងក្លោងទ្វារសាលាឃុំទងត្រឡាច ដែលលោក ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនកសាងជូនឃុំទងត្រឡាចផងដែរ៕